លួចម៉ូតូអស់រយៈកន្លះខែ ម្ចាស់ម៉ូតូឃើញប្តឹងដល់ប៉ូលិសឱ្យវ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួន នាល្ងាចថ្ងៃទី២ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិខ្វា សង្កាត់-ខណ្ឌដង្កោ ដកហូតម៉ូតូ២គ្រឿង។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អឿន ស៊ីណែត ហៅ ឡេវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់- ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការចាប់ខ្លួនជនសង្ស័យខាងលើ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ីម វ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករដឹកគ្រឿងសំណង់ ស្នាក់នៅផ្ទះជួល ភូមិខ្វារ សងា្កត់- ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកម៉ូតូ០២គ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច ជនរងគ្រោះឈ្មោះ ហ៊ីម វ៉ាន់ កំពុងតែផឹកស៊ីនៅតូបលក់ទឹកត្នោតជូរ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ អឿន ស៊ីណែត ហៅ ឡេវ បានមកជួបជនរងគ្រោះនៅកន្លែងផឹកទឹកត្នោតជូរ រួចបាននិយាយសុំការងារធ្វើជាកម្មករលើកអីវ៉ាន់គ្រឿងសំណង់ជាមួយជនរងគ្រោះ ហើយជនរងគ្រោះក៏បាននាំជនសង្ស័យមកស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ជាមួយគ្នា ដើម្បីនាំទៅធ្វើការលើកអីវ៉ាន់គ្រឿងសំណង់ តែពុំបាននាំទៅធ្វើការទេ។ 

លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបានទុកម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខស្វាយរៀង 1E-6306 នៅកន្លែងដាក់ម៉ូតូក្នុងឃ្លាំងផ្ទះជួល រួចបានយកកូនសោម៉ូតូទៅដាក់នៅក្នុងកន្ត្រកលើក្បាលដំណេក ហើយដើរទៅអង្គុយផឹកស៊ីស្រាបៀរជាមួយអ្នកជិតខាង នៅខាងមុខបន្ទប់ជួល។

ស្រាប់តែជនសង្ស័យ បានលួចយកកូនសោម៉ូតូរបស់ជនរងគ្រោះ រួចទៅលួចយកម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះពីក្នុងឃ្លាំងដាក់ម៉ូតូ បើកគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ 

ប៉ូលិសបន្តថា លុះដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវ៥០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចក្បែរតូបលក់ទឹកត្នោតជូរ ស្ថិតនៅភូមិបាគូខាងលើ ក៏បានឃើញជនសង្ស័យឈ្មោះ អឿន ស៊ីណែត ហៅ ឡេវ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង 1L-7039។

ពេលនោះជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលដង្កោឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង1L-7039 យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។ 

ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចបានបន្តទៅធ្វើការឆែករកដល់កន្លែងស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅការដ្ឋានសំណង់ ភូមិម័ល សង្កាត់- ខណ្ឌដង្កោ ដកហូតបានម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BM-8359 យកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលដង្កោដើម្បីចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread