ស្ត្រីម្នាក់បានស្លាប់និង៤នាក់របួសដោយ គ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់សីលា

ព្រះសីហនុ ៖ ស្ត្រីម្នាក់បានស្លាប់និង៤នាក់ទៀតរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោងជិត៦ព្រលប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៥៧-១៥៨ ស្ថិតក្នុងភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តកុងតឺន័រ ពណ៌ត្រួយចេក​ ពាក់ស្លាកលេខភ្នុំពេញ 3C-0054 ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ​ ជាមួយរថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ ​ភ្នំពេញ​ 2H-3030 មានទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរឈ្មោះ សូ សុខាល័យ ភេទប្រុស​ អាយុ៣៣ឆ្នាំ រស់នៅភ្នំពេញ រងរបួសធ្ងន់ មានអ្នករួមដំណើរក្នុងរថយន្តនេះមាន០៤នាក់​រួមមាន ១-ឈ្មោះ សូនី ភេទស្រី​ អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តព្រៃវែង (ស្លាប់), ២-ឈ្មោះ លី គ័ង ភេទប្រុស អាយុ៣៥​ឆ្នាំ ជនជាតិ​ចិន ទីលំនៅភ្នំពេញ រងរបួស​ធ្ងន់, ៣-ឈ្មោះ បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ខេត្តព្រៃវែង រងរបួស​ធ្ងន់និង៤-ឈ្មោះ ហុង សៀវហាក់ អាយុ១១ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅភ្នំពេញ រងរបួស​ស្រាល។​

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯអ្នករងរបួសត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០១និង៤០២ ព្រមទាំងកម្លាំងប៉ូលិសស្រុកកំពង់សីលា ជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។​ ចំណែកវត្ថុតាងរថយន្តទាំងពីរស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំពង់សីលាបន្តតាមនីតិវិធី៕

adverise with khmeread