បុរសស្ទាវអាមេរិកបង្ហាត់ឆ្កែបើកឡានក្នុងល្បឿនផ្តាច់ព្រលឹង ប៉ូលិសដេញចាប់ឡើងបះសក់

អ្នកនាំពាក្យស្នងការល្បាតរដ្ឋវ៉ាស៊ីនតោនបានឱ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបង្កឱ្យមានការប្រដេញតាមក្នុងល្បឿនលឿនមួយដោយមន្រ្តីប៉ូលិសជាមួយនឹងសុនខរបស់គាត់អង្គុយនៅលើកៅអីបើកបរ។ 

អ្នកស្រី Heather Axtman អ្នកនាំពាក្យស្នងការល្បាតរដ្ឋបាននិយាយថា បុរសរូបនេះមកពីទីក្រុង Lakewood រដ្ឋវ៉ាស៊ីនតោន បានបុកទង្គិចជាមួយនឹងរថយន្តពីរគ្រឿងនៅកន្លែងផ្សេងគ្នា និងមិនបានបញ្ឈប់ឡានរបស់ខ្លួននៅអំឡុងឧបទ្ទវហេតុទាំងពីរនោះទេ ដោយញ៉ាំងឱ្យប៉ូលិសល្បាតជិះប្រដេញតាមក្នុងល្បឿនលឿននៅតាមបណ្តោយផ្លូវហាយវ៉េ Interstate 5។ សេចក្តីរាយការណ៍បានបញ្ជាក់ថា មិនមានអ្នករងរបួសធ្ងន់នោះទេនៅក្នុងហេតុការណ៍ទាំងពីរ។

អ្នកស្រី Axtman បានប្រាប់ទៅវេបសាយ CNN ថា "គាត់បើកបរក្នុងស្ថានភាពខុសប្រក្រតីយ៉ាងខ្លាំង។ ដូច្នេះជារឿងខុសប្រក្រតីសម្បើមណាស់ហើយ ដែលមនុស្សជាច្រើនបានតេទៅលេខ ៩១១"។

អ្នកស្រីនិយាយថា ជនសង្ស័យបើកបរ "ពិតជាមិនប្រុងប្រយ័ត្នខ្លាំងណាស់" ហើយបើកដល់ក្នុងល្បឿនដល់ទៅ ១០៩ម៉ាលស៍ក្នុងមួយម៉ោង (ជាង ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង)។ មន្រ្តីប្រដេញមួយរូបបានប៉ុនប៉ងឃាត់រថយន្តជនសង្ស័យអែបខាង ហើយមានភាពស្រពិចស្រពិលយ៉ាងខ្លាំង ដោយឃើញឆ្កែពូជ Pit Bull កំពុងអង្គុយកន្លែងបើកបរ ខណៈជនសង្ស័យជាកាច់ចង្កូត។

នៅទីបំផុតមន្រ្តីប្រដេញអាចប្រើប្រាស់ដែកបន្លាដើម្បីបញ្ឈប់រថយន្តនេះ។ អំឡុងការឃាត់ខ្លួន អ្នកស្រី Axtman បាននិយាយថា ជនសង្ស័យបានផ្តល់នូវការពន្យល់មួយទៅដល់ពួកគេថា គាត់បាន "កំពុងព្យាយាមបង្រៀនឆ្កែរបស់គាត់ឱ្យចេះបើកឡាន"។

ស្នងការមន្រ្តីប៉ូលិសល្បាតរដ្ឋវ៉ាស៊ីនតោន បានចោទប្រកាន់បុរសនោះពីបទបើកបរប្រកបដោយគ្រោះថ្នាក់ដោយមិនប្រុងប្រយ័ត្ន បង្កហេតុ និងរត់គេចខ្លួន។ លិខិតកិច្ចសន្យារបស់គាត់ត្រូវបានកំណត់ផាកពិន័យប្រាក់ចំនួន ៨.៨០០ដុល្លារ ហើយគាត់ត្រូវបានបង្គាប់ឱ្យឡើងតុលាការកាលពីថ្ងៃទី៣០ កន្លងទៅ។

ចំណែកឯឆ្កែវិញ អ្នកស្រី​ Axtman បាននិយាយថា "ឆ្កែញីមួយដ៏គួរឱ្យស្រឡាញ់ខ្លាំងណាស់" មួយនេះ ត្រូវបានគេយកទៅជម្រកសត្វ បន្ទាប់ពីម្ចាស់របស់វាត្រូវបានចាប់ខ្លួន៕

 

adverise with khmeread