អ្នកជំនាញសុខភាពប្រាប់សេតវិមានថា កូវីដ១៩អាចឆ្លងតាមរយៈការជជែកឬសូម្បីដកដង្ហើម

ក្រុមវេជ្ជសាស្ត្រដ៏ល្បីមួយបានព្រមានទៅសេតវិមានកាលពីយប់ថ្ងៃពុធទី១មេសាថា គ្រាន់តែដកដង្ហើមនិងនិយាយគ្នាអាចឆ្លងកូវីដ១៩បាន។

ជាសមាជិកឈានមុខមួយរូបនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ (NAS) និងជាអតីតព្រឹទ្ធបុរសនៃសាលាជំនាញសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Harvard លោកវេជ្ជបណ្ឌិត Harvey Fineberg បានប្រាប់ទូរទស្សន៍ CNN ថា ខណៈម៉ាស់វះកាត់គួរបម្រុងទុកសម្រាប់បុគ្គលិកថែទាំសុខភាព គាត់ផ្ទាល់សុខចិត្តពាក់ស្បៃឬក្រណាត់ផ្សេងទៀតដើម្បីគ្របមុខឱ្យជិត។

វេជ្ជបណ្ឌិត Anthony Fauci សមាជិកក្រុមការពារប្រឆាំងកូវីដ១៩របស់សេតវិមាននិងជាអ្នកជំនាញខាងជំងឺឆ្លងបាននិយាយថា ប្រធានបទនៃការឱ្យជនជាតិអាមេរិកបិទបាំងមុខឱ្យជិតនៅទីសាធារណៈគឺជា "ការពិភាក្សាដ៏សកម្ម" ក្នុងចំណោមគណៈកម្មាធិការ។

ការស្រាវជ្រាវនៅតែបន្តមានការច្រឡំបល់មិនដឹងថាតើម៉ាស់សម្រាប់វះកាត់មានប្រសិទ្ធភាពដូចម៉ាស់ N95 ឬអត់ និងថាតើការបិទបាំងមុខជិតឈឹងជាមួយក្រណាត់អាចជួយការពារការឆ្លងមេរោគបានឬអត់ ប៉ុន្តែវេជ្ជបណ្ឌិត Anthony Fauci បានកត់សម្គាល់ថា ពួកវាអាចការពារបាន ហើយពិតជាមិនបង្កគ្រោះថ្នាក់អ្វីឡើយ ដរាបណាបុគ្គលិកពេទ្យមានឧបករណ៍ការពារគ្រប់គ្រាន់។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានព្រមានថា អ្នកនឹងឆ្លងកូវីដ១៩ នៅពេលអ្នកជំងឺក្អកឬកណ្តាស់។ 

ប៉ុន្តែលោកវេជ្ជបណ្ឌិត Fineberg បានប្រាប់ CNN ថា ការនិយាយគ្នាក៏អាចបញ្ចេញដំណក់ទឹកល្អិតៗទៅក្នុងខ្យល់បានដែរ។ សូម្បីការដកដង្ហើមរបស់អ្នកជំងឺកូរ៉ូណាក៏អាចមានគ្រោះថ្នាក់ដែរ។ 

លោក Fineberg និយាយថា "ខណៈការស្រាវជ្រាវជាក់លាក់អំពីវីរុសកូរ៉ូណាបច្ចុប្បន្ននៅមានកម្រិត លទ្ធផលនៃការសិក្សាដែលអាចរកបានសព្វថ្ងៃគឺស្របគ្នាជាមួយនឹងការបាចសាចភាគល្អិតនៃមេរោគចេញពីការដកដង្ហើមធម្មតា"៕ ប្រភព៖ CNN 

adverise with khmeread