រថយន្តបែនចាក់ដី ទាក់ខ្សែបណ្តាញតង់ស្យុង បាក់បង្គោល២ដើម ខាងអគ្គីសនីបិទភ្លើងជួសជុលរហូតល្ងាចទើបពលរដ្ឋមានប្រើវិញ

ភ្នំពេញ ៖ រថយន្តបែនដឹកដី បានបើកទាក់ខ្សែបណ្តាញតង់ស្យុងទាប (LV) បាក់បង្គោលអស់២ដើម កាលពីវេលា ម៉ោង ប្រមាណ៩ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ភូមិគោកឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខាងអគ្គីសនីបិទភ្លើងជួសជុលរហូតល្ងាចទើបពលរដ្ឋមានប្រើវិញ។ 

សមត្ថកិច្ចនិយាយថា​ រថយន្តបង្ក ម៉ាកហ៊ីណូ អត់ស្លាកលេខ ពណ៌ខៀវ ពាក់លេខសំគាល់ KN 05 និងមួយគ្រឿងទៀត ម៉ាក ហ៊ីណូ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខចង្កូតស្តាំ PP .2357 ពាក់លេខ សំគាល់ KN01។

តាមប្រភពបានឱ្យដឹងថា ដំបូងរថយន្តបែនដឹកដី ដែលអត់ស្លាកលេខ បានដាក់ដីបំពេញស្រះទឹក ហើយរថយន្តមួយគ្រឿងទៀត ទៅឈប់ ប្រុងចាក់ដែរ។ នៅពេលថយក្រោយបែនចាក់ដី ក៏ទាក់ខ្សែភ្លើងបណ្តាលឱ្យទាញបាក់បង្គោលភ្លើងតែម្តង ធ្វើរថយន្តដឹកដី២គ្រឿង ជាប់ជាមួយខ្សែភ្លើងបិទផ្លូវលំទាំងមូលតែម្តង​។

ភ្លាមៗ ប៉ូលិសមូលដ្ឋាន ក៏ដូចជាអាជ្ញាធរ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ និងមន្រ្តីអគ្គីសនី ផ្តាច់ចរន្តអគ្គីសនី នៅតំបន់នោះផងដែរ ដើម្បីជួសជុលឡើងវិញ។ 

ចំណែកអាជ្ញាធរខណ្ឌសែនសុខ បានចុះទៅធ្វើកំណត់ហេតុ ផ្អាកចាក់ដីជាបណ្តោះអាសន្ត រង់ចាំ ដោះស្រយការខូចខាតសិន ហើយរថយន្តដឹកដីទាំង២គ្រឿង ត្រូវបានប៉ូលិស បញ្ជូនទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ 

សូមជម្រាបថា ដីស្រះទឹកនោះ មានទំហំ១៥ គុណនឹង៥៣០ម៉ែត្រការ៉េ ជារបស់ក្រុមហ៊ុន ស៊ីអេស ជេស៊ីភីហ្សេតរៀល អ៊ីស្ទេតឌីវេឡុបម៉ិន(ខេមបូឌា)ឯ.ក ដែលបាន ដំណើរការចាក់ដី នៅពេលថ្មីនេះក្រោមច្បាប់អនុញ្ញាតរបស់អាជ្ញាធរ​៕

adverise with khmeread