មូលហេតុរដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនបារម្ភវិស័យពេទ្យដួលរលំដោយសារកូវីដ១៩ ព្រោះប្រជាជនជប៉ុនប្រកាន់ខ្ជាប់ប្រពៃណី Karoshi (ធ្វើការស្លាប់ចោលមិនខ្ចីដេកផ្ទះ)

បុគ្គលិកស៊ីប្រាក់ខែតឺនុយហំហាននាំគ្នាសម្រុកឡើងលើរថភ្លើងណែនប៉ែសអំឡុងម៉ោងធ្វើការដ៏មមាញឹក គឺជាទិដ្ឋភាពឃើញរាល់ថ្ងៃមិនដែលខាននៅទីក្រុងតូក្យូ។ 

រហូតដល់ប៉ុន្មានសប្តាហ៍មុននេះ លោក Hideya Tokiyoshi អាយុ៥២ឆ្នាំ ដែលតែងធ្វើដំណើរពីខេត្តជិតខាងសៃតាម៉ាដើម្បីធ្វើការរាល់ថ្ងៃនៅរដ្ឋធានី បានស្ថិតក្នុងចំណោមបុគ្គលិកដែលធ្វើការពីផ្ទះ។ 

គ្រូបង្រៀនភាសាអង់គ្លេសរូបនេះបានសម្រេចចិត្តបង្រៀនសិស្សតាមអនឡាញ ក្រោយសិស្សរបស់គាត់ចាប់ផ្តើមបារម្ភខ្លាំងឡើងអំពីមេរោគកូរ៉ូណា ដែលសម្លាប់មនុស្សជាង៥ម៉ឺននាក់ទូទាំងពិភពលោក។ ប៉ុន្តែសម្រាប់លោក Tokiyoshi វាគឺជាករណីកម្រដែលបានធ្វើការពីផ្ទះ។ 

ខណៈអភិបាលក្រុងតូក្យូលោកស្រី Yuriko Koike ជំរុញឱ្យប្រជាជន ១៣,៥ លាននាក់របស់ក្រុងធ្វើការពីផ្ទះតាមលទ្ធភាពដែលអាចធ្វើទៅបានរហូតដល់ថ្ងៃទី ១២ មេសា និង ក្រុមហ៊ុនធំៗជាច្រើនដូចជា​ Honda (HMC), Toyota (TM) និង Nissan (NSANF) បានស្នើសុំបុគ្គលិកធ្វើការពីផ្ទះ បុគ្គលិកភាគច្រើននៅតែធ្វើដំណើរចូលមករដ្ឋធានី កន្លែងដែលរថភ្លើងក្រោមដីនៅតែមមាញឹកអំឡុងម៉ោងរវល់។ 

វាជាសាច់រឿងស្រដៀងគ្នានៅទូទាំងប្រទេសជប៉ុន កន្លែងដែលក្រុមហ៊ុនប្រហែល៨០ភាគរយពុំមានលទ្ធភាពឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះបានទេ។ នេះយោងតាមទិន្នន័យរដ្ឋាភិបាលឆ្នាំ២០១៩។

ហើយស្របពេលលោកនាយករដ្ឋមន្ត្រី Shinzo Abe សប្តាហ៍នេះនៅតែបដិសេធមិនព្រមប្រកាសស្ថានភាពគ្រាអាសន្ន ដែលនឹងដាក់សម្ពាធលើក្រុមហ៊ុនទាំងអស់ឱ្យអនុវត្តការរក្សាគម្លាតឆ្ងាយរវាងមនុស្សនិងមនុស្ស ក្រុមហ៊ុនទាំងនោះនៅតែអាចដំណើរការស្របច្បាប់ពីការិយាល័យរបស់ពួកគេ។ 

នេះគឺដោយសារជប៉ុនមានប្រពៃណីធ្វើការយ៉ាងសាហាវបំផុត។ ការសិក្សារបស់រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំ២០១៦រកឃើញថា បុគ្គលិកម្នាក់ក្នុងចំណោម៥នាក់ប្រឈមហានិភ័យធ្វើការរហូតដល់ស្លាប់ខ្លួន។ ប្រទេសនេះថែមទាំងមានពាក្យមួយសម្រាប់ប្រពៃណីនេះទៀតផង គឺ "Karoshi" ឬ ធ្វើការហួសកម្លាំងរហូតដល់ស្លាប់ ដែលមាននិយមន័យថា បុគ្គលិកធ្វើការខ្លាំងរហូតដល់ស្លាប់ដោយសារជំងឺស្ត្រេស ឬ បាក់ទឹកចិត្តខ្លាំងរហូតដល់សម្លាប់ខ្លួន។ 

លោក Tokiyoshi ថ្មីៗនេះបានសរសេរលើ Twitter ថា "ព័ត៌មានអំពីវីរុសកូរ៉ូណាមាននៅក្នុងចិត្តរបស់យើងគ្រប់គ្នា ហើយយើងខ្លាចខ្លាំងជាងការរំពឹងទុកទៀត។ ប៉ុន្តែសម្រាប់ប្រជាជនជប៉ុនសាមញ្ញ ការងារតែងជាអាទិភាពកំពូល និង ជាលេសធំបំផុតជានិច្ច។ ដរាបណារដ្ឋាភិបាលបិទរាល់អាជីវកម្មទាំងអស់ជាមួយការលើកលែងខ្លះ នោះនឹងគ្មាននរណាម្នាក់នៅផ្ទះនោះឡើយ។ យើងជាទាសករដើម្បីធ្វើការ"។ 

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura និយាយកាលពីថ្ងៃពុធទី១មេសាព្រមានថា ជប៉ុនរកកល់ផ្ទុះកូវីដ១៩ទ្រង់ទ្រាយធំ ហើយប្រព័ន្ធសុខាភិបាលអាចនឹងដួលរលំ ព្រោះមនុស្សនៅតែចេញក្រៅធ្វើការ បង្កហានិភ័យឆ្លងទ្រង់ទ្រាយធំ បង្កការលំបាកដល់វិស័យសុខាភិបាល៕ ប្រភព៖ CNN, Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត