នាង Pink និងកូនប្រុសតូចអាយុ ៣ ឆ្នាំកំពុងកើតកូរ៉ូណាខ្លួនឯងហើយនៅមានចិត្តបុណ្យបរិច្ចាគ១លានដុល្លារជួយអ្នករងគ្រោះដទៃទៀត

តារាចម្រៀង Pink និយាយកាលពីថ្ងៃសុក្រទី៣មេសាថា នាងនិងកូនប្រុសតូចអាយុ ៣ ឆ្នាំរបស់នាងបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយនាងក៏ប្រកាសដែរថា នាងនឹងបរិច្ចាគ ១ លានដុល្លារទៅមូលនិធិសង្គ្រោះបន្ទាន់ចំនួន ២ (ម្នាក់៥០ម៉ឺនដុល្លារ)។ 

នៅក្នុងសារ Twitter ចំនួនពីរ នាងនិយាយថា នាងនិងកូនប្រុសបានចេញរោគសញ្ញាពីរសប្តាហ៍មកហើយ ហើយនាងបានធ្វើតេស្តវិជ្ជមានក្រោយទទួលបានការធ្វើតេស្តតាមរយៈគ្រូពេទ្យថែទាំសុខភាពបឋមម្នាក់។ នាងនិយាយថា គ្រួសារនាងបានជ្រកកោននៅក្នុងផ្ទះ ហើយនឹងបន្តធ្វើដូច្នេះទៀត។ អ្នកទាំងពីរបានធ្វើតេស្តម្តងទៀត "កាលពីប៉ុន្មានថ្ងៃមុន" ហើយលទ្ធផលចេញមកលើកនេះគឺ អវិជ្ជមាន។ 

សិល្បការិនីម្ចាស់ជ័យលាភីពានរង្វាន់ Grammy Award និងជាម្ចាស់បទល្បីៗដូចជា "Get the Party Started", "What About Us", "Raise Your Glass" និង "Just Give Me a Reason" រូបនេះ បានអំពាវនាវឱ្យមានការធ្វើតេស្តទូលំទូលាយជាងនេះដោយឥតគិតថ្លៃ។  

នាងបានសរសេរថា "វាពិតជាគួរឱ្យស្អប់ខ្ពើមជាទីបំផុត និង ជាបរាជ័យរបស់រដ្ឋាភិបាលយើងដែលមិនមានការធ្វើតេស្តឱ្យបានទូលំទូលាយ។ ជំងឺនេះមានភាពធ្ងន់ធ្ងរខ្លាំងណាស់។ មនុស្សទាំងអស់ត្រូវដឹងថា ជំងឺនេះប៉ះពាល់គ្រប់គ្នាមិនថាចាស់ឬក្មេង មិនថាអ្នកមានសុខភាពល្អឬសុខភាពមិនល្អ មិនថាអ្នកមានឬអ្នកក្រ ហើយយើងត្រូវតែមានការធ្វើតេស្តទូលំទូលាយនិងឥតគិតថ្លៃដើម្បីការពារកូនៗរបស់យើង គ្រួសាររបស់យើង មិត្តរបស់យើង និងសហគមន៍របស់យើង"៕ 
 

adverise with khmeread