ម៉ូតូបុកជាមួយរ៉ឺម៉កម៉ូតូកង់បីស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៤នាក់នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិត និងមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលក្នុងនោះមានស្ត្រីម្នាក់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុកជាមួយនិងរ៉ឺម៉កម៉ូតូកង់បីពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃសុក្រ ទី ៣ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចជិតបុរីប៉េងហួត តាមបណ្ដោយផ្លូវ ៦០ម៉ែត្រនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ែន ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅជិតបុរីប៉េងហួតបឹងស្នោរ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅមានស្រុកកំណើត នៅក្នុងភូមិត្រពាំងតុំ ឃុំចន្រ្ទា ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកអ្នករងរបួសធ្ងន់២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយជិះម៉ូតូ ឌុបគ្នាចំនួន៣នាក់ គឺម៉ាក suzuki ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1N.4027។ ចំណែករ៉ឺម៉កម៉ូតូកង់បី ម៉ូតូពណ៌ក្រហមលាយខ្មៅ មិនមានស្លាកលេខ បើកដោយបុរសម្នាក់និងរួមដំណើរស្រ្តីម្នាក់ រងរបួសទាំង២នាក់ធ្ងន់និងស្រាល។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញ រ៉ឺម៉កម៉ូតូកង់បីបានបើកបញ្ច្រាស់ផ្លូវទិសដៅពីជើងទៅត្បូងបើកឆ្លងផ្លូវមិនប្រយ័ត្ន ។ ខណ:ពេលនោះស្រាប់តែមានម៉ូតូ suzuki ឌុបគ្នា ៣នាក់ បើកតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រទិសដៅពីត្បូងមកជើងយ៉ាងលឿនបានបុកពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់និងរងរបួសធ្ងន់ពីរនាក់ និងខាងរ៉ឺម៉កម៉ូតូកង់បីស្ត្រីម្នាក់និងបុរសអ្នកបើកកង់បីម្នាក់ របួសធ្ងន់ស្រាល ២នាក់ហើយក៏ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។

តាមសម្ដីបងប្អូនជីដូនមួយបានប្រាប់ឲ្យដឹងថា ប្អូនរបស់គាត់ និងឪពុករបស់គាត់បានជិះម៉ូតូឌុបគ្នា ទើបតែចេញពីការផឹកស៊ីនៅម្ដុំព្រែកហូរក្នុងគោលបំណងជិះទៅផ្ទះវិញ ស្នាក់នៅជិតបុរីប៉េងហួតបឹងស្នោស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ស្រាប់តែមកដល់ចំណុចកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បានស្លាប់ម្នាក់និងរបួស២នាក់បែបនេះ។ ម៉ូតូខ្ទេចផ្នែកខាងមុខមើលលែងយល់ ឯរ៉ឺម៉កម៉ូតូកង់បីខ្ទេចចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករ៉ឺម៉កម៉ូតូកង់បី និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕


 

adverise with khmeread