មេទាហានជើងទឹករុស្ស៊ី អាមេរិក និងអង់គ្លេស អួតរឿងកូនទាហានខ្លួនសុទ្ធតែជាអ្នកក្លាហាន រហូតដល់កូនទាហានចុងក្រោយចេញមកញាក់សាច់!

សំណើច ៖ ឧត្តមនាវីឯករុស្ស៊ី អាមេរិក និង អង់គ្លេស អង្គុយផឹកភេសជ្ជៈនៅលើនាវាផ្ទុកយន្តហោះមួយរបស់អាមេរិក រួចពួកគេអួតគ្នារឿងភាពក្លាហានរបស់កូនទាហាននៃប្រទេសពួកគេរៀងៗខ្លួន។ 

ឧត្តមនាវីឯករុស្ស៊ី ៖ "ខ្ញុំនឹងបង្ហាញភាពក្លាហានរបស់កូនទាហានខ្ញុំឱ្យអ្នករាល់គ្នាបានឃើញ"។ គាត់បានហៅកូនទាហានជើងទឹកម្នាក់មកឈរនៅមុខគាត់ រួចបញ្ជាឱ្យលោតចុះពីកប៉ាល់ ហែលក្រោមកប៉ាល់ រួចឡើងមកលើកប៉ាល់វិញ។ កូនទាហានរុស្ស៊ីលោតភ្លឹបរួចហែលក្រោមកប៉ាល់ឡើងមកលើវិញភ្លែត គំនាប់លោកនាយភ្លាម។ ឧត្តមនាវីឯករុស្ស៊ី ៖ "នេះហើយគេហៅទាហានក្លាហាន"។

ឧត្តមនាវីឯកអាមេរិកឃើញដូច្នេះតបវិញថា "ប៉ុនហ្នឹងគ្នាអីអស្ចារ្យទេ ចាំមើលខ្ញុំវិញ!។ កូនចៅឡើងលើរ៉ាដា ហក់ចូលសមុទ្រ រួចហែលក្រោមកប៉ាល់ ឡើងលើកប៉ាល់វិញភ្លាម"។ កូនទាហានជើងទឹកអាមេរិកលោតប្រូង ធ្វើបានសម្រេចតាមបញ្ជាភ្លែត ហើយធ្វើគំនាប់ដាក់មេយ៉ាងហំហួន។ ឧត្តមនាវីឯកអាមេរិកអួតថា "ឃើញទេនេះទើបគេហៅថាទាហានក្លាហាន"។

ឧត្តមនាវីឯកអង់គ្លេស "គ្មានអីអស្ចារ្យសោះ មកអួតដែរ។ កូនចៅ ឡើងលើដងទង់ជាតិអាខ្ពស់ជាងគេ រួចទម្លាក់ខ្លួនចុះមកក្រោម ហើយឡើងទៅលើវិញ លោតទម្លាក់ខ្លួនដដែលៗ រហូតមានបញ្ជាឱ្យឈប់ចាំឈប់"។ កូនទាហានជើងទឹកអង់គ្លេសសម្លក់មុខមេ រួចជេរប្រទេចថា "អាមេរន្ទះខ្ទប់ ឡើងហើយលោតខ្លួនឯងទៅបើគ្រាន់បើ"។ ឧត្តមនាវីឯកអង់គ្លេសងាកទៅមើលមុខឧត្តមនាវីឯករុស្ស៊ីនិងអាមេរិកទាំងទឹកមុខអឿថា "ឃើញទេនេះហើយទើបគេហៅថា ទាហានក្លាហាន"៕ 

adverise with khmeread