ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូ, រត់រួច២នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីវេលាម៉ោង២ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១០១១ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខពាក់ព័ន្ធករណីប្លន់យកម៉ូតូនាពេលកន្លងមក។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លាន មាស ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលអត់លេខ ផ្លូវបេតុង ភូមិស្រែតេជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌសែនសុខ។ ដកហូតបានអាវុធខ្លីបាញ់ខ្យល់ម៉ាក GLOCK មួយដើមបង់មួយ គ្មានគ្រាប់ និងថ្នាំញៀន២កញ្ចប់និងម៉ូតូម៉ាក XT ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BB-4863។ ក្រោយឃាត់បានភ្លាមសមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍ភ្នំពេញថ្មីដើម្បីសួរនាំ។

ប៉ូលិសបន្តថា មុននឹងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងប៉ូលិសខណ្ឌសែនសុខ កំពុងជិះល្បាតក្នុងភូមិសាស្ត្រ និងទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារជូនប្រជាពរដ្ឋក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យ៣នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក XT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-4863 បានហៅឱ្យឈប់តែជនសង្ស័យទាំង២នាក់មិនបានឈប់នោះទេ ដោយបានព្យាយាមជិះម៉ូតូរត់គេច ទើបប៉ូលិសជិះដេញតាមពីក្រោយរហូតដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួន២នាក់ និងម្នាក់ទៀតត្រូវប៉ូលិសឃាត់ខ្លួនរួចហើយឆែកឆេរកឃើញថ្នាំញៀន២កញ្ចប់និងអាវុធខ្លីមួយដើមកឃាត់ខ្លួនតែម្ដង។

ប៉ូលិសបន្តថា ជនសង្ស័យរូបនេះពាក់ព័ន្ធករណីធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះកាលពីថ្ងៃទី២៩ មីនា ឆ្នាំ២០២០នៅចំណុច ផ្លូវ១០១១ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងបាននាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ហើយបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread