ក្នុងពេលប្រទេសជាច្រើនរួមទាំងចិនគាំទ្រថ្នាំ Avigan របស់ជប៉ុនដើម្បីព្យាបាលកូវីដ១៩ កូរ៉េខាងត្បូងជំទាស់ ព្រោះអាចបណ្តាលឱ្យទារកក្នុងផ្ទៃស្លាប់

ប្រទេសជិតខាងរបស់ជប៉ុនកំពុងខ្វែងគំនិតគ្នាជុំវិញការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺផ្តាសាយដ៏ចម្រូងចម្រាស "Avigan" នៅក្នុងប្រទេសរបស់ពួកគេ។ ខណៈចិនស្វាគមន៍ការប្រើប្រាស់ថ្នាំនេះសាកល្បង កូរ៉េខាងត្បូងបានជំទាស់ ដោយនិយាយថា "ផលប៉ះពាល់ធ្ងន់ធ្ងរ" អាចបណ្តាលឱ្យស្លាប់ទារកក្នុងផ្ទៃ។

រដ្ឋបាលត្រាំនិងក្រុមអ្នកជំនាញអាមេរិកក៏មានគំនិតផ្ទុយគ្នាផងដែរអំពីការប្រើប្រាស់ថ្នាំមិនទាន់មានការទទួលស្គាល់នេះ។

ថ្នាំ Avigan ដែលគេស្គាល់ផងដែរថា Favipiravir និងត្រូវបានផលិតដោយក្រុមហ៊ុនជប៉ុន Fujifilm Toyama Chemical Company បានក្លាយជាថ្នាំដ៏មានសក្តានុពលមួយក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលសព្វថ្ងៃមិនទាន់មានថ្នាំព្យាបាលជាក់លាក់ទេ។

ថ្នាំ Favipiravir ត្រូវបានគេស្គាល់ជាទូទៅថាអាចការព្យាបាលយ៉ាងមានប្រសិទ្ធភាពលើពពួកវីរុសជាច្រើន រួមមានវីរុសកូរ៉ូណា វីរុសអារីណា វីរុសប៊ុនយ៉ា និង វីរុសហ្វីឡូ។

ក្រុមស្រាវជ្រាវមួយបានបញ្ជាក់ថាថ្នាំនេះអាចមានហានិភ័យ។ ឯកសារស្រាវជ្រាវដែលមានឈ្មោះថា "Favipiravir (T-705)" ដឹកនាំស្រាវជ្រាវដោយលោក Yousuke Furuta មកពីក្រុមហ៊ុន Toyama Chemical លោក Takashi Komeno (Fujifilm) និង លោក Takaaki Nakamura (Toyama) បាននិយាយថា "ថ្នាំ Favipiravir មានហានិភ័យសម្រាប់ភ្នាក់ងារ Teratogenicity និង Embryotoxicity" ដែលសំដៅទៅលើភ្នាក់ងារដែលអាចបំផ្លាញអំប្រ៊ីយ៉ុងឬទារកក្នុងផ្ទៃ។ 

អាជ្ញាធរសុខភាពជប៉ុនអនុញ្ញាតឱ្យប្រើថ្នាំនេះសម្រាប់តែជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ដូចជា ផ្តាសាយបក្សី និង អេបូឡា។ ប៉ុន្តែខណៈចំនួនអ្នកឆ្លងកូវីដ១៩នៅទីក្រុងតូក្យូកើនឡើង និង ជីវិតកាន់តែរងការរំខាននៅជប៉ុន ដូចជាការផ្អាកកីឡាអូឡាំពិកត្យូក្យូជាដើម អាជ្ញាធរកំពុងពិចារណាលើលក្ខខណ្ឌយល់ព្រមថ្មីលើថ្នាំនេះ។ 

នាយករដ្ឋមន្ត្រី Shinzo Abe កាលពីសប្តាហ៍មុននិយាយថា រដ្ឋាភិបាលក្រុងតូក្យូនឹងជំរុញឱ្យឆាប់អនុម័តប្រើថ្នាំ Favipiravir សម្រាប់ព្យាបាលកូវីដ១៩។ 

លោក Abe និយាយថា ថ្នាំនេះបានបង្ហាញប្រសិទ្ធភាពក្នុងការបំបាត់រោគសញ្ញាមួយចំនួននៃកូវីដ១៩ និងបានទាក់ទាញចំណាប់អារម្មណ៍ប្រទេសជាច្រើន។ 

ចិនស្ថិតក្នុងចំណោមប្រទេសជាច្រើនបង្ហាញការចាប់អារម្មណ៍។ ក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលចិននិយាយថា ពួកគេមើលឃើញថ្នាំនេះមានប្រសិទ្ធភាពព្យាបាលអ្នកជំងឺកូរ៉ូណា និងបន្ថែមថា ពួកគេនឹងជំរុញផ្សព្វផ្សាយឱ្យប្រើថ្នាំនេះ។ 

ប៉ុន្តែផ្ទុយទៅវិញ កូរ៉េខាងត្បូងនិយាយថា ការអនុញ្ញាតឱ្យប្រើថ្នាំនេះជាការសម្រេចចិត្តប្រញាប់ពេកហើយ ដោយហេតុថាការសិក្សាខ្លះលើកឡើងថា ថ្នាំនេះអាចបង្កផលប៉ះពាល់ រួមទាំងការស្លាប់ទារកក្នុងផ្ទៃ និង នាំឱ្យទារកកើតមកខូចទ្រង់ទ្រាយ។ 

ក្រសួងចំណីអាហារនិងសុវត្ថិភាពឱសថកូរ៉េខាងត្បូងបានសម្រេចចិត្តមិននាំចូលថ្នាំ Avigan ទេ ក្រោយក្រុមអ្នកជំនាញខាងជំងឺឆ្លងរបស់ខ្លួនសន្និដ្ឋានថា ពុំមានទិន្នន័យព្យាបាលសាកល្បងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពរបស់ថ្នាំ និង ដោយសារលទ្ធភាពនៃផលប៉ះពាល់របស់ថ្នាំនេះ៕ ប្រភព៖ South China Morning Post

adverise with khmeread