ត្រាំជូនពរនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យឆាប់ជាសះស្បើយពីកូវីដ១៩ ក្រោយគាត់ត្រូវបានដឹកទៅមន្ទីរពេទ្យ

លោកដូណាល់ ត្រាំបានជូនពរលោកបូរីស ចនសុនឱ្យឆប់ជាសះស្បើយ ក្នុងពេលលោកនាយករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ខណៈរូបគាត់បានចូលមន្ទីរពេទ្យកាលពីយប់ថ្ងៃសៅរ៍ទី៤មេសាក្រោយរោគសញ្ញាមិនព្រមថយចុះ។ 

វិមាន Downing Street សង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្ត្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តបន្ថែមប៉ុណ្ណោះដើម្បីជាការប្រុងប្រយ័ត្នជាមុន ផ្អែកតាមដំបូន្មានរបស់ដុកទ័រ។ 

ការស្នាក់ក្នុងមន្ទីរពេទ្យរបស់លោកចនសុន​ ដែលគេជឿថានៅមន្ទីរពេទ្យ St Thomas' ក្នុងសង្កាត់ Westminster កើតឡើង ១០ ថ្ងៃក្រោយលោកបានតេស្តវិជ្ជមានកូវីដ១៩លើកដំបូង និង ចាប់ផ្តើមដាក់ខ្លួនឯងឯកោនៅអគារលេខ១១របស់គាត់។ 

ក្នុងវីដេអូមួយបង្ហោះលើ Twitter កាលពីថ្ងៃសុក្រ លោកចនសុនដែលមានទឹកមុខល្ហិតល្ហៃ បានលាតត្រដាងថា គាត់នៅកំពុងក្តៅខ្លួនខ្លាំងដដែល។ 

ប៉ុន្តែគាត់នៅតែដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះវិបត្តិសុខភាពមួយនេះ។

លោកត្រាំបាននិយាយនៅសន្និសីទកាសែតនៅសេតវិមានថា "ខ្ញុំចង់សម្តែងនូវការជូនពរឆាប់ជាសះស្បើយពីសហរដ្ឋអាមេរិកចំពោះលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ខណៈលោកកំពុងតស៊ូផ្ទាល់ខ្លួនឯងប្រឆាំងនឹងមេរោគ។ ពលរដ្ឋអាមេរិកទាំងអស់ជូនពរលោកឆាប់ជាសះស្បើយ លោកជាមិត្តរបស់ខ្ញុំ និង ជាសុភាពបុរសអស្ចារ្យនិងជាមេដឹកនាំអស្ចារ្យ។ លោកត្រូវបាននាំទៅមន្ទីរពេទ្យថ្ងៃនេះ ប៉ុន្តែខ្ញុំសង្ឃឹមនិងប្រាកដថាលោកនឹងមិនអីទេ ព្រោះលោកជាមនុស្សខ្លាំងក្លា"៕ ប្រភព៖​ Daily Mail 

 

adverise with khmeread