ក្រុមប្រទេស G7 ចង់ប្តឹងទារសំណងពីចិនជិត ៤ លានលានដុល្លារចំពោះការផ្ទុះជំងឺកូវីដ១៩ពីវូហាន?

របាយការណ៍ថ្មីមួយបានអះអាងថាគេគួរតែប្តឹងប្រទេសចិនទារសំណងរាប់លានលានដុល្លារជុំវិញការដោះស្រាយវិបត្តិជំងឺកូវីដ១៩។ នេះយោងតាមកាសែតអនឡាញអូស្ត្រាលី news.com.au សរសេរនៅថ្ងៃចន្ទទី៦មេសានេះ។

យោងតាមរបាយការណ៍សំណងឈ្មោះ Coronavirus Compensation? ដែលរៀបរៀងដោយស្ថាប័នឃ្លាំងគំនិតរបស់ពួកអភិរក្សនិយមអង់គ្លេសហៅថា The Henry Jackson Society បណ្តឹងប្រឆាំងនឹងប្រទេសចិនអាចទារបាន ៣,២ លានលានផោន (៣,៩៤ លានលានដុល្លារអាមេរិក) ពីសំណាក់ក្រុមប្រទេស G7។

អ្នកចងក្រងពាក្យបណ្តឹងនេះគឺ លោក Matthew Henderson វេជ្ជបណ្ឌិត Alan Mendoza វេជ្ជបណ្ឌិត Andrew Foxall លោក James Rogers និងលោក Sam Armstrong បានអះអាងថា ការដោះស្រាយនឹងវីរុសមួយនេះពីដំបូងដោយរដ្ឋាភិបាលចិន និងបរាជ័យរបស់ចិនក្នុងការរាយការណ៍ព័ត៌មានឱ្យបានគ្រប់គ្រាន់ដល់អង្គការសុខភាពពិភពលោក គឺរំលោភលើមាត្រាមួយចំនួនរបស់អង្គការបទប្បញ្ញត្តិសុខភាពអន្តរជាតិ ដែលក្នុងនោះចិនជាប្រទេសហត្ថលេខីផងដែរ។

អង្គការនេះបានអះអាងថា ការរំលោភបំពាននេះបានអនុញ្ញាតឱ្យវីរុសរាលដាលយ៉ាងលឿនទៅក្រៅទីក្រុងវូហាន។

ឯកសារនេះបានចោទប្រកាន់រដ្ឋាភិបាលចិនថាមិនបានបង្ហាញពីទិន្នន័យដែលបង្ហាញពីភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស "ក្នុងរយៈពេលរហូតដល់ ៣សប្តាហ៍មុនពេលគ្រប់គ្នាបានដឹងឮ" និងបានផ្តល់ព័ត៌មានមិនត្រឹមត្រូវទៅអង្គការសុខភាពពិភពលោកអំពីអត្រាឆ្លងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

ឯកសារនេះក៏បានអះអាងផងដែរថាអាជ្ញាធរបានអនុញ្ញាតឱ្យមនុស្សចំនួន៥លាននាក់ចាកចេញពីក្រុងវូហាន មុនពេលបិទទីក្រុងនៅថ្ងៃទី២៣ ខែមករា និងបានបរាជ័យក្នុងការហាមឃាត់នូវ "ការចម្លងដែលអាចបញ្ចៀសបាន" នៃវីរុសដ៏កាចសាហាវនេះ ដែលមានដើមកំណើតចេញពីសត្វព្រៃ៕ ប្រភព៖ News.com.au 

adverise with khmeread