ស្ថានភាពជំងឺកូវីដ១៩របស់នាយករដ្ឋមន្ត្រីអង់គ្លេសកាន់តែដុនដាប ឥឡូវគ្រូពេទ្យបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ត្រូវបានផ្ទេរទៅកាន់បន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃចន្ទទី៦មេសា នៅពេលដែលស្ថានភាពជំងឺរបស់គាត់កាន់តែដុនដាបក្នុងពេលកំពុងតស៊ូជាមួយនឹងជំងឺកូវីដ១៩ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះបានឈានដល់កម្រិតខ្ពស់ថ្មីនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក។

យោងតាមវិមានរដ្ឋាភិបាល Downing Street បានឱ្យដឹងថា លោក Boris Johnson បានតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេសលោក Dominic Raab ឱ្យជំនួសតំណែងគាត់បណ្តោះអាសន្ន ប៉ុន្តែនៅដឹងខ្លួនធម្មតា។ 

ដំណឹងនេះកើតឡើងនៅពេលដែលចំនួនអ្នកស្លាប់ដោយសារវីរុសនេះបានលោតឡើងខ្ពស់នៅអឺរ៉ុបខាងលិចនិងបានកើនឡើងដល់ ១ ម៉ឺននាក់នៅសហរដ្ឋអាមេរិកដោយធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងពិភពលោកកើនដល់ ៧៣.០០០ នាក់ក្នុងចំណោមករណីដែលបានបញ្ជាក់ជាង ១,៣២ លាននាក់។

នៅក្នុងការព្រមានយ៉ាងខ្លាំងក្លាពីភាគីទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថាសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតរបស់ខ្លួនខណៈក្រុមមន្រ្តីអាមេរិកបាននិយាយថា ពលរដ្ឋអាមេរិកគួរតែត្រៀមលក្ខណៈប្រៀបធៀបរឿងអាក្រក់បំផុតនេះទៅនឹងការវាយប្រហារក្នុងឆ្នាំ ១៩៤១ លើកំពង់ផែភៀលហាបឺ។

សញ្ញានៃការស្រាកស្រាន្ត ដែលអាចនឹងកើតមាននៅអឺរ៉ុប កន្លែងដែលចំនួនអ្នកស្លាប់ដោយសារវីរុសប្រចាំថ្ងៃបានថយចុះនោះ ត្រូវបានបំផ្លាញទៅវិញដោយចំនួនអ្នកស្លាប់កើនឡើងខ្ពស់ដល់ទៅ ៨៣៣ នាក់នៅបារាំងនិង ៦៣៦ នាក់នៅអ៊ីតាលីកាលពីថ្ងៃចន្ទ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក Olivier Veran និយាយថា "យើងមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ"។

ចំនួនអ្នកស្លាប់នៅអង់គ្លេសបានកើនឡើងដល់ខ្ទង់ ៥.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់ខ្ទង់ ៤០០ ប្រចាំថ្ងៃ៕ ប្រភព៖ Daily Mail 

adverise with khmeread