ការចរចាជុំវិញការកាត់បន្ថយប្រាក់ឈ្នួលនៅក្របខណ្ឌ EPL ជាមួយប្រធានក្រុមនិងគ្រូបង្វឹកត្រូវបរាជ័យ

        កីឡាករ​នៅ​ក្របខណ្ឌ EPL ​ត្រូវ​បាន​ប្រាប់ថា ក្លឹប​អាចនឹង​ខាតបង់​ប្រាក់​រហូត​ដល់ ១.១៣៧​ពាន់លានផោន​ ដោយសារតែវិបត្តិ​វីរុស​កូរ៉ូណា ខណៈ​ការ​ចរចា​ជុំវិញ​ការកាត់ប្រាក់ឈ្នួល​មិន​ទទួលបានជោគជ័យ​។

        កិច្ចប្រជុំតាមវីដេអូខុនហ្វឺរិន​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីល្ងាចថ្ងៃសៅរ៍​ ដោយ​មាន​វត្តមាន​របស់​មន្ត្រីនៅក្របខណ្ឌ​ EPL ប្រធានក្រុម​និង​គ្រូបង្វឹក​ ដោយ​មាន​ការ​ពន្យល់ពីមូលហេតុ​ដែល​ក្លឹប​នេះចង់​ឲ្យ​កីឡាករ​ទទួល​យក​ការ​កាត់​បន្ថយ​ប្រាក់ឈ្នួល។

        កិច្ចប្រជុំនេះបាន​បញ្ចប់ដោយ​គ្មាន​ការ​ឯក​ភាព​គ្នា​ជុំវិញ​ការ​កាត់ប្រាក់ឈ្នួល​សម្រាប់កីឡាករ ប៉ុន្តែ​ស្ថាប័ន PFA បាន​លើកឡើង​ថា ពួកគេ​នៅតែ​សប្បាយចិត្ត​នឹង​បន្ត​ការ​ចរចា​ ប៉ុន្តែ​នៅ​មាន​ការ​បារម្ភថា តើ​ការ​កាត់បន្ថយ​ប្រាក់​ឈ្នួល​៣០​ភាគរយ​នេះ​នឹង​ត្រូវ​ផ្តល់ទៅ​ស្ថាប័ន​សុខាភិបាល​ឬយ៉ាងណា។

        គេ​ជឿថា ក្របខណ្ឌ EPL ​បាន​ដាក់ចេញសេណារីយ៉ូ​មួយចំនួន​ហើយ​សេណារីយ៉ូខ្លះគឺថា ការប្រកួត​មិនអាច​ចាប់ផ្តើម​ឡើង​វិញ ដែល​មាន​ន័យថា ក្របខណ្ឌនេះត្រូវ​សងប្រាក់​៧៦២​លានផោន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ។ ការ​កាត់​បន្ថយ​ប្រាក់ឈ្នួល​៣០​ភាគរយ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះបាន៕

adverise with khmeread