អ្នកទោសជុំវិញពិភពលោកកំពុងខ្លាចរអារជំងឺកូវីដ១៩ ព្រោះបើមានពន្ធនាគារណាមួយផ្ទុះជំងឺនេះ ច្បាស់ជាក្លាយជាមហន្តរាយធំ

ដេកកៀកស្មាគ្នាពីមួយទៅមួយនៅលើឥដ្ឋ បន្ទប់គ្មានបង្អួច អ្នកទោសក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងបារម្ភថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅខាងក្នុងពន្ធនាគាររបស់ពួកគេនឹងក្លាយជា "គ្រោះមហន្តរាយ" ជាក់ជាពុំខាន ។

Brett Savage ជាប់នៅខាងក្នុងពន្ធនាគារ Kerobokan ដែលគេស្គាល់ថាជា "សណ្ឋាគារខេ (Hotel K)" នៅលើកោះបាលី ឥណ្ឌូណេស៊ីនិយាយថា "វានឹងក្លាយជាកន្លែងបង្កាត់ពូជសម្រាប់វីរុសកូរ៉ូណា ប្រសិនបើវាចូលក្នុងពន្ធនាគារណាមួយ"។

ដោយចង្អៀតផង កង្វះខ្យល់អាកាសដកដង្ហើមផង និងកង្វះសុខភាព អនាម័យ និងរបៀបរៀបរយផង វានឹងជួយឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ១៩ ហើយនឹងធ្វើឱ្យពន្ធនាគារនៅជុំវិញពិភពលោកក្លាយជាកន្លែងដ៏សំខាន់សម្រាប់ការផ្ទុះឡើងនៃជំងឺថ្មីនេះ។

វិធានការបង្ការដែលត្រូវបានប្រើនៅក្នុងសង្គមមានដូចជា ការរក្សាគម្លាតពីគ្នានៅក្នុងសង្គមនិងការលាងដៃញឹកញាប់ៗ មិនអាចអនុវត្តបាននៅក្នុងពន្ធនាគារទេ ដែលនេះធ្វើឱ្យអាជ្ញាធរពិបាកស្វែងរកជម្រើសខ្លាំងមែនទែន។

នៅប្រទេសថៃ កោលាហលបាននាំឱ្យអ្នកទោសមួយក្រុមរត់គេចខ្លួន បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ្នកទោសម្នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ខណៈដែលមនុស្ស ២៣ នាក់បានស្លាប់នៅក្នុងកុបកម្មនៅឯប្រទេសកូឡុំប៊ី ចំពេលមានភាពតានតឹងជុំវិញវីរុសកូរ៉ូណា។

ចំណែកឯពន្ធនាគារនៅសហរដ្ឋអាមេរិកបានបង្ខាំងអ្នកទោសនៅក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ ដោយលុបចោលសឹងទាំងអស់រាល់ការចូលសួរសុខទុក្ខ និងការផ្ទេរពីគុកមួយទៅគុកមួយទៀតក៏ត្រូវលុបចោលដែរ បន្ទាប់ពីមនុស្សរាប់សិបនាក់បានឆ្លងកូវីដ១៩ ខណៈរដ្ឋជាច្រើនបានគ្រោងនឹងដោះលែងអ្នកទោសអហិង្សា៕ ប្រភព៖ channelnewsasia 


 

adverise with khmeread