អាហ្វ្រិកមិនមែនជាមន្ទីរពិសោធន៍! សំណើរបស់ពួកដុកទ័របារាំងដើម្បីសាកល្បងព្យាបាលកូវីដ១៩លើពួកអាហ្វ្រិក រងការរិះគន់ថា មិនចោលគំនិតអាណានិគមនិយម

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្កោលទោសការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់ពួកវេជ្ជបណ្ឌិតបារាំងអំពីការសាកល្បងព្យាបាលជំងឺកូវីដ១៩នៅទ្វីបអាហ្រ្វិក ដោយហៅសម្តីទាំងនោះថា "សំណល់ពីគំនិតអាណានិគមនិយម"។

ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ លោក Tedros និយាយកាលពីថ្ងៃចន្ទថា "និយាយឱ្យត្រង់ទៅ ខ្ញុំពិតជារន្ធត់ចិត្តណាស់។ ហើយវាជាពេលវេលាមួយដែលខ្ញុំនិយាយ នៅពេលយើងត្រូវការសាមគ្គីភាព ការនិយាយប្រកាន់ជាតិសាសន៍បែបនេះពិតជាមិនអាចជួយអ្វីបានទេ វាផ្ទុយនឹងសាមគ្គីភាព"។ 

គាត់និយាយនេះគឺសំដៅទៅលើសម្តីដែលធ្វើឡើងកាលពីសប្តាហ៍មុនដោយលោកវេជ្ជបណ្ឌិត Jean-Paul Mira ប្រធានផ្នែកសេវាកម្ម ICU នៅមន្ទីរពេទ្យ Cochin ក្នុងទីក្រុងប៉ារីស និង លោក Camille Locht នាយកស្រាវជ្រាវនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពនិងវេជ្ជសាស្ត្ររបស់បារាំង។

វេជ្ជបណ្ឌិតទាំងពីរបានបង្ហាញខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុននៅលើបណ្តាញទូរទស្សន៍បារាំង LCI កន្លែងដែលពួកគេពិភាក្សាគ្នាថាតើវ៉ាក់សាំងការពារជំងឺរបេង BCG អាចជាលទ្ធភាពព្យាបាលជំងឺកូវីដ១៩ដែរឬអត់។ ថ្នាំនេះកំពុងធ្វើការពិសោធន៍ព្យាបាលសម្រាប់គោលបំណងនេះដែរនៅក្នុងប្រទេសហូឡង់និងអូស្រ្តាលី។

គ្រានោះហើយដែលលោក Mira បានលើកឡើងថា ទ្វីបអាហ្រ្វិកអាចជាកន្លែងដ៏ល្អបំផុតក្នុងការសាកល្បងព្យាបាល។

លោក Mira បានផ្តើមឃ្លាដំបូងថា "ប្រសិនបើខ្ញុំជាអ្នកនាំអាទិ៍" មុននឹងបន្ថែមថា "យើងម៉េចក៏មិនទៅរៀបចំការសិក្សានៅទ្វីបអាហ្រ្វិក កន្លែងដែលគ្មានម៉ាស់មុខ គ្មានការព្យាបាល និង គ្មានបន្ទប់ ICU ទៅ?"។

លោក Mira បាននិយាយបន្ថែមទៀតថា "គឺធ្វើដូចការសិក្សាមួយចំនួនទាក់ទងនឹងជំងឺអេដស៍ជាមួយស្រីពេស្យានៅទីនោះ យើងសាកល្បងអ្វីៗគ្រប់យ៉ាង ពីព្រោះយើងដឹងថា ពួកគេងាយប៉ះពាល់នឹងមេរោគ ហើយពួកគេមិនបានការពារខ្លួនទេ"។

លោក Loch បានឆ្លើយតបថា "លោកនិយាយត្រូវ។ ហើយយើងកំពុងគិតអំពីការសិក្សាមួយនៅទ្វីបអាហ្វ្រិកទន្ទឹមគ្នានឹងការអនុវត្តវិធីសាស្រ្តដូចគ្នាជាមួយថ្នាំ BCG ..."។ 

សម្តីរបស់ដុកទ័រទាំងពីរក៏ទាក់ទាញការរិះគន់ពីអតីតកីឡាករ Didier Drogba របស់តោខៀវ Chelsea ផងដែរ ដោយរូបគេបង្ហោះសារខ្លីខ្លឹមមួយលើ Instagram ថា "ទ្វីបអាហ្វ្រិកមិនមែនជាមន្ទីរពិសោធន៍ទេ"៕ ប្រភព៖ CNN

adverise with khmeread