សង្វេគពេកក្រៃ! អ្នកជំងឺកូវីដ១៩​ម្នាក់នៅអង់គ្លេសស្រែកយំរកសាច់ញាតិ២ម៉ោងមុនពេលស្លាប់

បុរសកូន២ម្នាក់ ដែលស្តាប់ឮសំឡេងអ្នកជំងឺកូរ៉ូណាជិតស្លាប់ម្នាក់ស្រែកយំរកសាច់ញាតិ២ម៉ោង ជំរុញឱ្យមនុស្សគ្រប់គ្នាកុំចេញក្រៅផ្ទះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី៧មេសា។ 

លោក Craig Farley-Jones បានចំណាយពេល ៦ ថ្ងៃនៅក្នុងមន្ទីរពេទ្យ Tameside General ក្នុងប្រទេសអង់គ្លេសកាលពីសប្ដាហ៍មុន ខណៈគាត់កំពុងតស៊ូនឹងកូវីដ១៩។ បុរសវ័យ ៤៣ ឆ្នាំរូបនោះ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងផ្ទះ ប៉ុន្ដែគាត់ត្រូវបានលងបន្លាចដោយការចងចាំមិនអាចបំភ្លេចបាននៃអ្នកជំងឺវ័យខ្ទង់ ៦០ ឆ្នាំដែលចំណាយពេល២ម៉ោងចុងក្រោយនៃជីវិតរបស់គាត់ស្រែកយំរកគ្រួសារ។

បុរសមកពីទីក្រុង Hyde រូបនេះនិយាយថា "ខ្ញុំនឹងមិនទុកឱ្យសុនខរបស់ខ្ញុំស្លាប់របៀបនេះទេ"។

គាត់បន្តថា "អ្នកជំងឺគ្រប់គ្នានៅក្នុងបន្ទប់មន្ទីរពេទ្យមើលទៅដូចស្លាប់អស់អ៊ីចឹង ប៉ុន្ដែបុរសនៅលើគ្រែទល់មុខខ្ញុំ ដែលមានអាយុប្រហែល ៦៥ ទៅ ៧០ ឆ្នាំ មានអាការៈធូរស្បើយ និងចាប់ផ្ដើមនិយាយច្រើន ទោះបីជាកំពុងដាក់បំពង់អុកស៊ីសែនក៏ដោយ។ ក្រោយមកនៅល្ងាចថ្ងៃនោះ ខ្ញុំឃើញគាត់មានបញ្ហាដកដង្ហើម និងចាប់ផ្ដើមភ័យខ្លួន ហើយខ្ញុំអាចមើលឃើញគាត់កំពុងថប់បារម្ភ ដូច្នេះខ្ញុំបានស្រែកហៅគិលានុបដ្ឋាយិកា ប៉ុន្តែពួកគេមិនអាចលួងគាត់ឱ្យស្ងប់ចិត្តបានទេ"។

លោកបន្តថា "រឿងរ៉ាវបានប្រែប្រួល ស្ថានភាពគាត់មើលទៅគឺហួសពេលទៅហើយ។ ក្រុមគ្រូពេទ្យបានផ្ដល់របស់មួយដល់គាត់ដើម្បីជួយឱ្យគាត់ស្ងប់ចិត្ត និង បានតេទៅកូនៗរបស់គាត់ ព្រោះច្បាស់ណាស់វាជាយប់ចុងក្រោយរបស់គាត់។ កូនៗរបស់គាត់យ៉ាងហោចណាស់អាចមកមើលគាត់ផ្ទាល់ដោយស្លៀកពាក់ឈុតការពារ និង និយាយពាក្យលា ប៉ុន្ដែគាត់អាចទ្រាំបានពីរបីម៉ោង បន្ទាប់ពីនោះ"។

"ខ្ញុំនឹងមិនភ្លេចការចងចាំ២ម៉ោងនោះបានទេដរាបណាខ្ញុំនៅរស់។ គាត់បានស្រែកយំយ៉ាងខ្លាំង រួចស្រែកហៅឈ្មោះគ្រួសាររបស់គាត់ ម្ដងហើយម្ដងទៀត ខណៈកំពុងពិបាកដកដង្ហើម។ វាធ្វើឱ្យខ្ញុំហូរទឹកភ្នែក វាពិតជាពិបាកក្នុងការស្តាប់រឿងកម្សត់បែបនេះណាស់។ ខ្ញុំបានស្រែកហៅពេទ្យ តែពួកគេប្រាប់ខ្ញុំថា គ្មានអ្វីដែលពួកគេអាចជួយបានសម្រាប់បុរសម្នាក់នោះទេ"។

គាត់បន្តថា "ដូច្នេះខ្ញុំនៅទីនោះបន្តស្ដាប់សំឡេងដង្ហើមគាត់ប្រែជាដកចង្កាមាន់មុននឹងស្លាប់"៕

adverise with khmeread