ខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់មនុស្សត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ជនដៃដល់ដែលបាញ់សម្លាប់ស្រ្តីម្នាក់និងរបួសកុមារម្នាក់ នៅខណ្ឌសែនសុខ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ នាថ្ងៃទី៨ មេសា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា មានករណីឃាតកម្មមួយកើតឡើង នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨ និង១០នាទីយប់ ដោយខ្មាន់កាំភ្លើងបានប្រើអាវុធខ្លីបាញ់ជនរងគ្រោះ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់។

សមត្ថកិច្ចបន្តថា ដោយមានការសហការរវាងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួង និងប៉ូលិសខេត្តកណ្តាល, ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី, ប៉ូលិសខណ្ឌសែនសុខ បានធ្វើការតាមឃាត់ខ្លួនជនដៃដល់នៅស្រុកគៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ 

សមត្ថកិច្ចបន្តថា ករណីនេះកើតឡើងដោយសារគំនុំ និងខឹងជាមួយនឹងអតីតភរិយា ដែលបានលែងលះគ្នាដាច់ស្រេចហើយ ក៏មានសាលក្រមសម្រេចលើការលែងលះនេះតាំងពីខែមករា ឆ្នាំ២០២០ មកម្ល៉េះ។ 

សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់លើនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ សូរ ពៅមរកត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ស្លាប់) និង២-ឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (របួសធ្ងន់) សម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ។ សម្ភារៈដកហូត អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ០២គ្រាប់​, សំបកគ្រាប់ ០២គ្រាប់​។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់​៕


 

adverise with khmeread