ឆក់ថង់ប្រាក់ពីខណ្ឌ៧មករា, ចាប់ខ្លួនបានម្នាក់នៅខណ្ឌឫស្សីកែវ, រត់រួចម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសចម្រុះឃាត់ខ្លួន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៥ និង៥នាទី នៅត្រង់ចំណុចមុខធនាគារស្ថាបនាផ្ទះលេខ២Eo ផ្លូវ៩៣ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកថង់ប្រាក់ពីស្ត្រីម្នាក់បានសម្រេច។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន១-ឈ្មោះ រ៉ន យូសុះ ហៅ យូ ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ  មុខរបរជាងសំណង់ នៅផ្ទះលេខ ៨៥១ ផ្លូវជាតិលេខ ៥ ភូមិ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (ឃាត់ខ្លួន) និង២-ឈ្មោះ រ៉ា ហា្វត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចិម  មាន់ស្នាក់នៅផ្ទះមិនចាំលេខផ្លូវជាតិលេខ ៥សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (គេចខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ ជុន សុខលី ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកហាង នំបុ័ងនៅផ្ទះជួល ផ្លូវលេខ ៩៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានចេញពីផ្ទះហើយជិះម៉ូតូឌុបទៅធ្វើការពីជើងទៅត្បូងតាមផ្លូវ៩៣ ពេលដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស្មាស់វី មកអែបជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកថង់ដែលជនរងគ្រោះកាន់ជាប់នៅនឹងដៃ។ ពេលនោះជនរងគ្រោះក៏បាន ស្រែកថា «ចោរៗ» ហើយកម្លាំងល្បាតរបស់ ប៉ូលិសខណ្ឌ៧មករា បានដេញពីក្រោយហើយកម្លាំង ប៉ូលិសខណ្ឌឫស្សីកែវ  ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ហើយប្រគល់ឱ្យ មកប៉ូលិសខណ្ឌ៧មករាចាត់ការបន្ត។ ចំណែកម្នាក់ទៀតឈ្មោះ រ៉ាហ្វាត បានរត់គេចខ្លួនបាត់។

វត្ថុតាងដកហូតរួមមាន ១-ម៉ូតូស្មាស់វី ពណ៌ខ្មៅ ចំនួន១គ្រឿងពាក់ស្លាកលេខភ្នំពេញ 1QV-9782 លេខតួ + លេខម៉ាស៊ីន ៤៨៩៧៩៨, ២-ទូរស័ព្ទចំនួន១គ្រឿងម៉ាក OPPO, ៣-ថង់យួរ ពណ៌លឿង ចំនួន១ក្នុងនោះមានកាបូបលុយមាន ប្រាក់៨០ដុល្លារ និងប្រាក់ខ្មែរ ចំនួន ២០០០០រៀលជារបស់ជនរងគ្រោះបានប្រគល់ឱ្យជនរងគ្រោះវិញ។

ជនសង្ស័យដែលឃាត់ខ្លួនបានធ្វើតេស្តមានសារធាតុញៀនក្នុងខ្លួន ហើយបច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាធានីភ្នំពេញ៕

adverise with khmeread