ខ្លាឃ្មុំកំពុង «ការកូន» ទះ និងខាំបុរស២នាក់ដើររើសផ្លែសំរ៉ងរបួសធ្ងន់

ស្ទឹងត្រែង ៖ បុរសជនជាតិការ៉េតបានរងរបួសធ្ងន់ដោយខ្លាញី១ក្បាលកំពុងបណ្តើរកូនឬការកូន បានស្ទុះទៅទះ និងខាំញក់ញី ខណៈពេលកំពុងឡើងភ្នំដើម្បីរើសនិងបេះផ្លែសំរ៉ង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅភ្នំការាម ភូមិគិរីវង្សាខាងលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ១-ឈ្មោះ អេន ញាំ ភេទប្រុស អាយុ២២ឆ្នាំ ជាកសិករ និង២ឈ្មោះ អើយ រ៉េ ភេទប្រុស អាយុ២៩ឆ្នាំ ជាកសិករ។ បុរសទាំង២នាក់រស់នៅភូមិកើតហេតុខាងលើ។

បើតាមក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ដំបូងជនរងគ្រោះទាំងពីរនាក់បានបបួលគ្នាទៅរើស និងបេះផ្លែសំរ៉ងតាមជើងភ្នំការាមដែលនៅចម្ងាយពីផ្ទះប្រហែលជាង៣គីឡូម៉ែត្រ។ ខណៈពេលកំពុងរុករកផ្លែសំរ៉ង ស្រាប់តែប្រទះឃើញខ្លាឃ្មុំញីដ៏ធំមួ​យក្បាលកំពុងបណ្តើរកូនដើររកចំណីរួចវាស្ទុះមកទះ ខាំញក់ញី ខ្លួនប្រាណ និងលើផ្ទៃមុខអ្នកទាំង២បណ្តាលឱ្យរងរបួសធ្ងន់ រួចនាំគ្នាមេនិងកូនដើរចូលព្រៃបាត់ទៅគ្រាដែលម្នាក់ ឈ្មោះ អេនញាំ របួសលើផ្ទៃអស់កម្លាំងដែលតតាំងជាមួយខ្លាឃ្មុំសុខចិត្តក្រាបលើដីធ្វើពុតជាស្លាប់។

ប្រភពដដែលបន្តថា ក្រោយពីខ្លាឃ្មុំញីបណ្តើរកូនទៅបាត់អ្នករបួសស្រាលបានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារក្នុងភូមិឱ្យយករទេះទៅដឹកគេទាំងពីរមកកាន់មណ្ឌលសុខភាពឃុំតែដោយរបួសធ្ងន់ពេកក៏ដឹកបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសៀមប៉ាងតែម្តង៕


 

adverise with khmeread