ឃាត់គ្រឿងក្នុងជ្រូកនិងជើងមាន់,ក្បាលមាន់ខូចគុណភាពជាច្រើនតោននៅស្រុកកៀនស្វាយ

កណ្តាល ៖ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបនិងរឹបអូស ស្លាបមាន់ ជើងមាន់ និងគ្រឿងក្នុងជ្រូក ខូចគុណភាព ដែលនាំចូលខុសច្បាប់ចំនួន២កុងទីន័រ ខណៈនាំចូលអត់ច្បាប់នៅស្រុកកៀនស្វាយ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៨ មេសា ២០២០ នៅក្នុងឃ្លាំងមួយដែលស្ថិតនៅក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។

សមត្ថកិច្ចនិយាយថា ខណៈនោះសមត្ថកិច្ចបាន រកឃើញគ្រឿងក្នុងជ្រូក ស្លាបមាន់ ក្បាលមាន់ ចំនួន២កុងទីន័រ ដែលនាំចូលនិងស្តុកទុកដោយខុសច្បាប់ ដែលមានម្ចាស់ឈ្មោះ ហ៊ឹម សុខហឿន ភេទប្រុស អាយុ៣៥ឆ្នាំ។ 

សមត្ថកិច្ចបន្តថា ដោយមានការចូលរួមសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សាខាគយ សាខាកាំកុងត្រូល ប៉ូលិសស្រុកកៀនស្វាយ រួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងចម្រុះក៏បានឱ្យម្ចាស់ទីតាំងគាស់ទូកុងតឺន័រ និងពិនិត្យរកឃើញទំនិញទាំងអស់សុទ្ធតែខូចគុណភាព។

យោងតាមចម្លើយរបស់ម្ចាស់ទីតាំង ឈ្មោះ ហ៊ឹម សុខហឿន ថា ទំនិញទាំងនេះពិសេស ពោះវៀនជ្រូក គឺប្រមូលទិញពីឈ្មោះ ធុន ឆាង រស់នៅខេត្តបន្ទាយមានជ័យចំនួន១០តោន។ ប៉ុន្តែទើបតែដឹកមកស្តុកទុកនៅទីនេះ ប្រមាណ៥តោនប៉ុណ្ណោះ ហើយពោះវៀនជ្រូកទាំងនេះ គឺទិញយកមកកែច្នៃធ្វើស្រោមសាច់ក្រក នាំចេញទៅប្រទេសចិន ហើយខ្លួនបានសហការជាមួយជនជាតិចិន សញ្ជាតិអាមេរិក ម្នាក់ទៀតឈ្មោះ ទុង សឿមិញ និងបានដឹកមកស្តុកនៅទីនេះបាន២សប្តាហ៍ប៉ុណ្ណោះ ចំណែកឯឧបករណ៍និងម៉ាស៊ីន គឺនាំចូលមកពីប្រទេសចិន។

លោក អុល ដូរិន ប្រធានការិយាល័យផលិតកម្មនិងបស្សុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានប្រាប់ថា ទំនិញទាំងនេះ គឺសុទ្ធតែខូចគុណភាពទាំងអស់ ហើយម្ចាស់ទីតាំងនេះ ក៏ពុំបានសុំច្បាប់ដឹកជញ្ជូននាំចូល និងស្តុកផលិតកម្មសាច់សត្វនោះទេ។ 

លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល បានឱ្យថា លោកមិនទាន់ដឹងថា ទំនិញទាំងនេះ បានបង់ពន្ធឬយ៉ាងណានោះទេ ហើយចំពោះគ្រឿងម៉ាស៊ីន ដែលស្តុកទុកក្នុងឃ្លាំងនេះ ក៏មិនដឹងថា បានបង់ពន្ធឬក៏មិនបង់នោះទេ  ហើយលោកនឹងឱ្យម្ចាស់យកឯកសារមកពិនិត្យផ្ទៀងផ្ទាត់។ 

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការពិនិត្យដើម្បីចង់ដឹងថា មានចំនួនប៉ុន្មានឱ្យពិតប្រាកដ ចំណែកឯម្ចាស់ទីតាំងកំពុងត្រូវបានធ្វើការសាកសួរ ហើយទំនិញទាំងនោះក៏នឹងត្រូវធ្វើការដកហូតដើម្បីដុតបំផ្លាញចោល៕ 

adverise with khmeread