ឃាត់បុរសម្នាក់ជាមួយមេតាណុល និង អាល់កុលក្លែងក្លាយចំនួន៤០១កានស្មើនឹង១២០៣០លីត្រ

ភ្នំពេញ ៖ មេតាណុលនិង អាល់កុលក្លែងក្លាយចំនួន៤០១កាន ស្មើនឹង១២០៣០លីត្រ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយ ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងប៉ូលិសមូលដ្ឋាន, អាជ្ញាធរខណ្ឌ ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ចុះបង្ក្រាបចាប់ដកហូត  ស្ថិតនៅផ្ទះលេខA23 ផ្លូវP4 ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ហេង ឡៃគង់ ភេទប្រុស អាយុ៣២ឆ្នាំ ជាតំណាងលក់មេតាណុល ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដកហូតមេតាណុល ២០០ប៊ីដុង, អាកុល២០១ប៊ីដុង, ស្មើនឹង១២០៣០លីត្រ។ មេតាណុលនិង អាល់កុលក្លែងក្លាយចំនួន១២០៣០លីត្រ ដែលឈ្មួញលួចស្តុកទុកដោយខុសច្បាប់ សម្រាប់ចែកចាយ ហើយក្រោយពីកម្លាំងជំនាញស្រាវជ្រាវ រហូតដល់ចុះបង្ក្រាប និងដកហូតនាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នៅទីតាំងខាងលើ។  

មន្ត្រីជំនាញរបស់នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប.និយាយថា ទំនិញទាំងនេះជា មេតាណុល ជាសារធាតុពុល ប៉ះពាល់សុខភាព ដល់អ្នកយកទៅប្រើប្រាស់ វាមិនមែនជាអាល់កុលនោះទេ។

ក្រោយពីបង្ក្រាបចាប់បានមេតាណុលនិងអាល់កុលក្លែងក្លាយទាំងនេះ ត្រូវបានរឹបអុស យកទៅរក្សាទុកនៅនាយកដ្ឋាន។ ចំណែកម្ចាស់ទីតាំងមិនមានវត្តមានទីនោះឡើយ មានតែអ្នកតំណាងមើលការខុសត្រូវផ្ទះខាងលើត្រូវបានឃាត់ខ្លួននាំទៅសាកសួរ៕

adverise with khmeread