ទិញថ្នាំញៀនពីម្តុំក្តាន់២យកទៅលក់បន្តត្រូវបានប៉ូលិសស្រុកខ្សាច់កណ្តាលវ៉ៃខ្នោះ២នាក់

កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិស ស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី ០៨ មេសា ឆ្នាំ២០២០ វេលាម៉ោង៥ និង៤៥នាទីល្ងាចនៅចំណុច​​ ភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់​រួមមាន ១-ឈ្មោះ​ សេង វណ្ណធី  ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ​ លក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​ (ឃាត់ខ្លួន) និង២-ឈ្មោះ រស់ ពេជ្រសំបូរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ថ្នាំញៀន មានទីលំនៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ឃាត់ខ្លួន)។                        

វត្ថុតាងចាប់យក១-ថ្នាំញៀនប្រភេទមេតំហ្វេមីនចំនួន០៥កញ្ចប់មធ្យម (ទំងន់៣៥,៦៩ក្រាម), ២-ទូរស័ព្ទម៉ាកOppo A37ពណ៍ផ្កាឈូកចំនួន០១គ្រឿង និង៣-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចថាឃើញឈ្មោះ ធី កំពុងតែមានការជួញដូរថ្នាំញៀននៅចំណុចផ្ទះរបស់ខ្លួន នៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល។ ឮដូចនេះកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកអំពិលបានចុះទៅបង្រ្កាប។

ពេលចុះទៅដល់សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស០២នាក់ ម្នាក់ឈ្មោះ ធី (ដែលជាម្ចាស់ផ្ទះ) និងម្នាក់ទៀតឈ្មោះសំបូរ ហើយដកហូតបានថ្នាំញៀនចំនួន ០៥កញ្ចប់មធ្យម រួមជាមួយសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ចូនជនសង្ស័យ រួមជាមួយវត្ថុតាងមកអធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាលដើម្បីបន្តនីតិវិធី។

ក្រោយពីធ្វើការសាកសួរឈ្មោះ​រស់ ពេជ្រសំបូរ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ចំពោះថ្នាំញៀននេះគឺខ្លួនបានទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់នៅម្តុំក្តាន់ពីរ រាជធានីភ្នំពេញ ដោយទិញក្នុងតំលៃ៨០ម៉ឺនរៀលដើម្បីយកទៅរំ​លែកដាក់កញ្ចប់តូចទុកលក់បន្ត៕

adverise with khmeread