មុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួន

កណ្តាល ៖ មុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ត្រូវបាន ប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួន នាថ្ងៃទី​៩ ខែ​មេសា ឆ្នាំ២០២០ វេលាម៉ោង១០ និង៥០នាទី នៅចំណុច​ផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ សុម៉ាលី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបរកសិករ រស់នៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ រុន មករា ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រសាំង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក ១-លុយរៀល១៨ម៉ឺនរៀលនិងលុយដុល្លារ ៤០០ដុល្លារ, ២-កាបូបដៃពណ៌កាកអំពៅមួយ, ២-លោហធាតុពណ៌លឿង ប្លាកទីនអង្កាំ១ខ្សែ ជារបស់ជារបស់ជនរងគ្រោះ, ៣-ម៉ូតូម៉ាកសង់០១៩ឡើងតែម០២០មួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឺ 1L-6144 លេខតួនិងលេខម៉ាស៊ីន
5305727, ៤-សក់សំរាប់ពាក់ពណ៌ទង់ដែង និង៥-កាបូបស្ពាយចំហៀង ១ និងកាបូបដៃ២ (ពណ៌ខ្មៅ១និងកាកអំពៅ១) ជារបស់ជនសង្ស័យ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះជិះម៉ូតូម៉ាកគ្លីកទៅរកឌុបចៅ នៅផ្សារថ្នល់ទទឹងទៅដល់ចៅដេកលក់ក៏ត្រឡប់មកវិញ ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យតាមមកពីក្រោយ ឆក់យក កាបូបលុយដែលទុកក្នុងគ្លុបម៉ូតូ ហើយជិះរត់គេចទៅទិសខាងកើតចំពេលកម្លាំងប៉ូលិសល្បាតប្រទះឃើញដេញតាមឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបានមកវិញ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់បាន១០លើកមកហើយនៅម្តុំកន្លែងលក់ សាច់ក្រកខណ្ឌកំបូល៧លើក, នៅផ្លូវជាតិលេខ៤១ ចំនួន២លើក នៅអង្គស្នួល១លើកត្រូវសមត្ថកិច្ចឃាត់បានតែម្តង។

ចំពោះករណីនេះកម្លាំងប៉ូលិសជំនាញបាននិងកំពុងបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread