កូវីដ១៩ ធ្វើឱ្យមនុស្សជាង ១៦ លាននាក់បាត់បង់ការងារធ្វើនៅសហរដ្ឋអាមេរិក ខណៈជាង២០លាននាក់ទៀតត្រៀមខ្លួនបាត់បង់ការងារដែរនៅខែនេះ

យ៉ាងហោចណាស់ កម្មករនិយោជិតអាមេរិក ១០ ភាគរយបានបាត់បង់ការងាររបស់ពួកគេក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះចំពេលមានជំងឺរាតត្បាត បន្ទាប់ពីពាក្យថ្មីចំនួន ៦,៦ លានដើម្បីទាមទារអត្ថប្រយោជន៍គ្រាឥតការងារធ្វើ ត្រូវបានដាក់កាលពីសប្តាហ៍មុន។

ការទាមទារថ្មីប្រចាំសប្តាហ៍បានកើនឡើងដល់ខ្ទង់ ៦ លាននាក់ជាលើកទី ២ ជាប់ៗគ្នាកាលពីសប្តាហ៍មុន ខណៈវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងការផ្ទុះរាលដាលនៃវីរុសកូរ៉ូណាធ្វើឱ្យសហរដ្ឋអាមេរិកជាប់គាំង។

ក្រសួងការងារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩មេសាថាការទាមទារជាលើកដំបូងសម្រាប់អត្ថប្រយោជន៍គ្រាគ្មានការងារធ្វើនៅសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ៤ ខែមេសាមានចំនួនសរុប ៦,៦ លាននាក់ពោលគឺធ្លាក់ចុះបន្តិចពីការកើនឡើង ៦,៨៧ លាននាក់កាលពីមួយសប្តាហ៍មុននោះ។

សរុបទៅយ៉ាងហោចណាស់ជនជាតិអាមេរិកចំនួន ១៦,៦ លាននាក់បានដាក់ពាក្យសុំជំនួយគ្រាគ្មានការងារធ្វើក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ខណៈមេរោគកូវីដ១៩កំពុងឆ្លងរាលដាលពាសពេញប្រទេសនិងអាជីវកម្មជាច្រើនត្រូវបិទទ្វារ។ ប្រជាជនអាមេរិក ២០ លាននាក់ទៀតត្រៀមបាត់បង់ការងារធ្វើផងដែរនៅខែមេសានេះ។ 

នេះជាចំនួនបាត់បង់ការងារធ្វើធំបំផុតនិងលឿនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិកគិតចាប់តាំងពីឆ្នាំ ១៩៤៨ មក៕ ប្រភព៖ Daily Mail

adverise with khmeread