កូវីដ១៩ ៖ ប្រិយមិត្តវិទ្យុ Radio 4 នៅអង់គ្លេសស្រក់ទឹកភ្នែកគ្រប់គ្នា ក្រោយស្តាប់ឮសំឡេងប្តីប្រពន្ធផ្តែផ្តាំគ្នាត្រៀមទុកជាមុនយ៉ាងកម្សត់

ម្តាយកូនពីរម្នាក់បានលាតត្រដាងពីរបៀបដែលលោកស្រីត្រូវបានគេផ្តល់ពេល ១០ នាទីដើម្បីនិយាយលាជាលើកចុងក្រោយទៅកាន់ស្វាមីរបស់លោកស្រី នៅពេលប្តីគាត់ប្រឹងទ្រាំទប់ដង្ហើមចុងក្រោយតាមរយៈម៉ាស៊ីនដកដង្ហើម បន្ទាប់ពីជំងឺកូវីដទុកឱកាសសូន្យសម្រាប់ប្តីគាត់រស់រានមានជីវិត។

លោកស្រី Sue Martin អាយុ ៤៩ ឆ្នាំមកពីទីក្រុង Cardiff នៃចក្រភពអង់គ្លេសបានប្រាប់វិទ្យុ Radio 4 អំពីរបៀបដែលប្តីរបស់គាត់ដែលមានជំងឺទឹកនោមផ្អែមឈ្មោះ Mal អាយុ ៥៨ ឆ្នាំមានអាការៈរោគកូវីដ១៩កាន់តែធ្ងន់ធ្ងរនៅថ្ងៃទី ១៩ ខែមីនា ប៉ុន្តែលោកស្រីជឿថា ប្តីគាត់នឹងឆ្លងផុតគ្រោះថ្នាក់ ព្រោះគាត់មានសុខភាពល្អនិងមាំមួនខ្លាំងណាស់។

ប៉ុន្តែបន្ទាប់ពីរយៈពេល ១០ ថ្ងៃ គាត់កាន់តែយ៉ាប់ទៅៗជាលំដាប់ ហើយលោកស្រី Sue បានតេទៅរថយន្តសង្គ្រោះបន្ទាន់នៅថ្ងៃទី ២៩ ខែមីនា ដើម្បីដឹកលោក Mal ទៅសង្គ្រោះបន្ទាន់។

ប៉ុន្មានម៉ោងក្រោយមកលោកស្រីបានទទួលទូរស័ព្ទដ៏តក់ស្លុតពីក្រុមអ្នកសង្គ្រោះថា លោក Mal កាន់តែមិនស្រួលហើយ ដូច្នេះចាំបាច់ត្រូវដាក់ឱ្យដកដង្ហើមតាមម៉ាស៊ីនដកដង្ហើម ហើយគាត់មានសង្ឃឹមរស់ ៥០ ភាគរយ។

ខណៈសុខភាពគាត់កាន់តែយ៉ាប់ខ្លាំង លោកស្រី Sue និងកូនពីរនាក់ឈ្មោះ Hana អាយុ ១៦ ឆ្នាំ និង William អាយុ១៣ឆ្នាំ បានប្រញាប់ទៅមន្ទីរពេទ្យ និងទទួលបានពេល១០នាទីដើម្បីនិយាយលាលោក Mail ។ 

លោកស្រីបានប្រាប់កម្មវិធី Today របស់វិទ្យុ Radio 4 ថា "យើងទើបតែប្រាប់គាត់ថាពួកយើងស្រឡាញ់គាត់។ វាពិតជាក្តុកក្តួលខ្លាំងណាស់ដែលឮកូនៗប្រាប់គាត់ថា ពួកគេនឹងធ្វើឱ្យគាត់មានមោទនភាព"។ 

ឥឡូវគ្រួសារកំពុងត្រៀមខ្លួនសម្រាប់មរណភាពរបស់លោក Mail តែលោកស្រីនៅតែនិយាយថា លោកស្រីសង្ឃឹមថាប្តីគាត់នឹងឆ្លងផុតសេចក្តីស្លាប់ ត្បិតគ្រូពេទ្យប្រាប់ថាឱកាសរស់មានសូន្យក៏ដោយ។ 

លោកស្រីនិយាយថា "ទោះបីរាល់ថ្ងៃយើងត្រៀមសម្រាប់រឿងអាក្រក់កើតឡើង ក៏នៅតែមានកូនក្តីសង្ឃឹមតូចមួយថាគាត់នឹងអាចនៅរស់ គ្រាន់តែសង្ឃឹមគាត់នឹងអាចនៅរស់"។ 

លោក Mal ប្រធានក្រុមហ៊ុនសេវាកម្មស្វែងរកបុគ្គលិក និង លោកស្រី Sue អ្នកគ្រប់គ្រងទំនាក់ទំនងនៅផ្នែកដឹកជញ្ជូននៅក្រុមហ៊ុនមួយ បានរៀបការនៅខែកញ្ញាឆ្នាំ១៩៩៦ និងឥឡូវរួមរស់ជាមួយគ្នា ២៨ ឆ្នាំហើយ។

ច្បាស់ណាស់ក្រោយឮបែបនេះ ប្រិយមិត្តរូបណាក៏មិនអាចទ្រាំទប់ទឹកភ្នែកជាប់នោះឡើយ៕ ប្រភព៖ Daily Mail

 

adverise with khmeread