នាយករដ្ឋមន្ត្រីអង់គ្លេសរួចផុតពីគ្រោះថ្នាក់ ឥឡូវផ្ទេរចេញពីបន្ទប់ ICU មកបន្ទប់ធម្មតាវិញហើយ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ត្រូវបានផ្ទេរចេញពីបន្ទប់សង្គ្រោះបន្ទាន់ (ICU) កាលពីថ្ងៃព្រហស្បតិ៍ទី៩មេសានៅឯមន្ទីរពេទ្យទីក្រុងឡុងដ៍ កន្លែងដែលគាត់កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាលរបស់គាត់បានប្រាប់ពលរដ្ឋអង់គ្លេសឱ្យត្រៀមខ្លួនសម្រាប់ការបិទប្រទេសច្រើនសប្តាហ៍ទៅមុខទៀត។

លោក Boris Johnson បានស្ថិតនៅបន្ទប់ ICU នៅឯមន្ទីរពេទ្យ St. Thomas´ ចាប់តាំងពីថ្ងៃចន្ទបន្ទាប់ពីរោគសញ្ញារបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ។

ការិយាល័យរបស់លោក Johnson និយាយថា គាត់ត្រូវបានផ្ទេរនៅល្ងាចថ្ងៃព្រហស្បតិ៍ពីបន្ទប់ ICU ត្រឡប់ទៅបន្ទប់ធម្មតា កន្លែងដែលគាត់នឹងទទួលបានការត្រួតពិនិត្យយ៉ាងដិតដល់ក្នុងដំណាក់កាលដំបូងនៃការជាសះស្បើយរបស់គាត់។

ការិយាល័យរបស់គាត់និយាយថា លោក Johnson មាន "ស្មារតីល្អណាស់"។

មេដឹកនាំអង់គ្លេសរូបនេះបានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីពីរសប្តាហ៍មុន ហើយពីដំបូងមានរោគសញ្ញា "ស្រាល" ប៉ុណ្ណោះ។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យនិងត្រូវបាននាំទៅបន្ទប់ ICU នៅមួយថ្ងៃក្រោយ។ លោក Boris Johnson បានទទួលអុកស៊ីសែនដោយមិនត្រូវបានគេដាក់ឱ្យដកដង្ហើមតាមម៉ាស៊ីនដកដង្ហើមនោះទេ។

អាការៈរបស់គាត់ហាក់បានធូរស្រាលច្រើនកាលពីថ្ងៃព្រហស្បតិ៍។ ហើយនៅថ្ងៃដដែលរដ្ឋមន្រ្តីការបរទេសលោក Dominic Raab ដែលធ្វើជានាយករដ្ឋមន្រ្តីស្តីទីក្នុងអំឡុងកិច្ចប្រជុំសំខាន់ៗ បាននិយាយថា លោក Johnson កំពុង "បោះជំហានទៅមុខជាវិជ្ជមាន"។

ដំណឹងនៃការធូរស្បើយរបស់លោក Johnson ត្រូវបានស្វាគមន៍ពីគ្រប់មជ្ឈដ្ឋាននយោបាយអង់គ្លេស និង ពីប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំផងដែរ ដោយលោកសរសេរនៅលើ Twitter ថា "ដំណឹងអស្ចារ្យ នាយករដ្ឋមន្ត្រី Boris Johnson ទើបចេកចេញពីបន្ទប់សង្គ្រោះបន្ទាន់។ ឆាប់ជាសះស្បើយបូរីស!!!"៕ ប្រភព៖ Daily Mail 

adverise with khmeread