មិនធម្មតា, បើករថយន្តលឿនបោកផ្ទប់ដើមប្រេងខ្យល់ដាច់រថយន្តជាពីរស្លាប់តៃកុង

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបើករថយន្តយ៉ាងលឿនចាប់ហ្រ្វាំងមិនទាន់បោកផ្ទប់ នឹងដើមប្រេងខ្យល់ដាច់រថយន្តជា២កំណាត់ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ 

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ឆុន សម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះរថយន្ត ម៉ាកតាកូមា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-4130។

ប្រភពបានឱ្យដឹងថា ដំបូងរថយន្តខាងលើធ្វើដំណើរ តាមបណ្ដោយផ្លូវកាំកូ ចូលទៅបុរីអង្គរ យ៉ាងលឿន, ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់ឮស្នូរចាប់ហ្រ្វាំងអូសរួចវិលបោកផ្ទប់ទៅនឹងដើម ប្រេងខ្យល់បណ្ដាលឱ្យរថយន្តដាច់ជាពីរកំណាត់ ហើយអ្នកបើកបរបានស្លាប់, ចំណែកដើមប្រេងខ្យល់ មិនមានបាក់នោះទេ។ 

ក្រោយពីកើតហេតុ សមត្ថកិច្ចបានមកដល់ ធ្វើកំណត់ហេតុ និងវាស់វែងតាមជំនាញ។ ឯសាកសព ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread