ស្ត្រីម្នាក់ជិះម៉ូតូដេញតាមចោរឆក់ ក៏ត្រូវចោរបិទគូទធាក់ឱ្យដួលបណ្តាលឱ្យស្លាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត ក្រោយពីបានដេញតាមចោរឆក់កាបូបរបស់គាត់ កាលពីវេលា ម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុច ផ្លូវលេខ២៧១ នៅលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា សពស្ត្រីរងគ្រោះ ឈ្មោះ ហុង សុខចេង អាយុ៣៥ឆ្នាំ មុខរបរលក់មាន់នៅផ្សារអូរឫស្សី ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកហុងដា Moone ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HJ-6984 ជិះតែម្នាក់ឯង។ 

តាមការបំភ្លឺរបស់សាក្សីឈ្មោះ ម៉ម ម៉ៅ (អ្នករស់នៅជិតខាងជនរងគ្រោះ) បានឱ្យដឹងថា កាលពីថ្ងៃទី ០៩  ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ រូបគាត់ ( ម៉ម ម៉ៅ) បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ឌុបសត្វទាចេញពីផ្ទះនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដើម្បីយកទៅលក់នៅផ្សារអូរឫស្សី។

នៅពេលមកដល់ចំណុចមុខផ្ទះលក់បាយទាខ្វៃ (ខាងកើតផ្សារសុវណ្ណា) ផ្លូវលេខ១៩៩ សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង ស្រាប់តែឃើញជនរងគ្រោះឈ្មោះ ហុង សុខចេង ជិះម៉ូតូ០១គ្រឿងហុងដាមូ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HY 6984 (តែម្នាក់ឯង) បញ្ច្រាសទិសគ្នាពីជើងទៅត្បូង ដោយស្រែកឆោឡោថា «ចោរៗ» ចេញទៅបាត់។ ពេលនោះឈ្មោះ ម៉ម ម៉ៅ បានជិះម៉ូតូតាមទៅមើលរហូតដល់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក៏ឃើញជនរងគ្រោះឈ្មោះ ហុង សុខចេង ដួលម៉ូតូដេកកណ្តាលផ្លូវ ដោយនៅមានដង្ហើមនៅឡើយ។

ខណៈនោះឈ្មោះ ម៉ម ម៉ៅ បានលើកជនរងគ្រោះឈ្មោះ ហុង សុខចេង ទៅដាក់នៅចិញ្ចើមផ្លូវ និង ទូរស័ព្ទហៅក្រុមគ្រួសាររបស់ជនរងគ្រោះឱ្យមកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត ត្រូវបានគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ ហើយក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ 

បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញ និង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន  គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យលើកសាកសព រួចបញ្ជាក់ថាសាកសពឈ្មោះ ហុង សុខចេង បានស្លាប់ដោយសារការប៉ះទង្គិចក្បាលនិងខ្លួនធ្ងន់ធ្ងរ ហើយសាកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព (ដូចខាងលើ)។

ក្រោយពេលកើតហេតុប៉ូលិសខណ្ឌបឹងកេងកង និងប៉ូលិសខណ្ឌមានជ័យ បានចុះទៅដល់ទីតាំង កើតហេតុបើកការស្រាវជ្រាវ។ សាកសពត្រូវសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

adverise with khmeread