ទើបចេញពីគុកពីបទប្រើហិង្សា,ឥឡូវយកពូថៅកាប់ជីតាឱ្យរបួសត្រូប៉ូលិសវ៉ៃខ្នោះ

កណ្ដាល ៖ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងឃាតកម្មយកពូថៅកាប់ជីតាឱ្យរបួស កាលពីថ្ងៃទី០៩ មេសា ឆ្នាំ២០២០ វេលាម៉ោង៣រសៀលនៅចំណុចលើផ្ទះជនរងគ្រោះ ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល នា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល រងរបួសចំលើក្បាលផ្នែកខាងមុខ០១កន្លែង របួសគុម្ពត្រចៀកខាងឆ្វេង០១កន្លែង និងជង្គង់ខាងស្ដាំមួយកន្លែង។

ចំណែកជនសង្ស័យ ឈ្មោះ អុល សំអ៊ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ វត្ថុតាងចាប់យកបានមាន ពូថៅដងឈើចំនួន០១។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានទៅងូតទឹកនៅក្នុងបន្ទប់ទឹកក្រោមផ្ទះរបស់ខ្លួន ក្រោយពេលងូតទឹករួចជនរងគ្រោះក៏បានដើរឡើងទៅលើផ្ទះវិញ បន្ទាប់មកជនរងគ្រោះក៏បានទៅលាងឆ្នាំងដើម្បីដាក់ដាំបាយ។ ស្រាប់តែពេលនោះជនសង្ស័យឈ្មោះអុល សំអ៊ាន់បានដើរឡើងទៅលើផ្ទះរបស់ជនរងគ្រោះ ក្នុងភាពស្រវឹងស្រាដោយកាន់ពូថៅជាប់នៅនឹងដៃ។

ភ្លាមនោះជនសង្ស័យបានកាប់ទៅលើជនរងគ្រោះចំនួនបីពូថៅ ត្រូវចំលើក្បាលផ្នែកខាងមុខមួយពូថៅ ត្រូវចំគុម្ពត្រចៀកខាងឆ្វេងមួយពូថៅ និងត្រូវចំជង្គង់ខាងស្ដាំមួយពូថៅ បណ្ដាលឱ្យរយះហូរឈាម។ ក្នុងពេលនោះជនរងគ្រោះក៏បានលើកដៃសំពះអង្វរជនសង្ស័យថា «បានហើយឈប់កាប់អញទៅ អញមានរឿងអីបានជាមកកាប់អញ»។ បន្ទាប់មកជនសង្ស័យក៏ចុះពីលើផ្ទះមកដី ហើយជនសង្ស័យក៏ដើរទៅដេកនៅលើអង្រឹងក្រោមផ្ទះរបស់ជនរងគ្រោះ។ 

លុះដល់វេលាម៉ោង៥ល្ងាច ឈ្មោះ យី យនដែលត្រូវជាសាច់ញាតិជនសង្ស័យ បានមកប្រាប់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកដំបងថា «ឈ្មោះ អុល សំអ៊ាន់ បានកាប់ជីតារបស់ខ្លួន»។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកដំបង បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅទៅកាប់លើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យកន្លងមកធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល២ឆ្នាំ តែជនសង្ស័យអនុវត្តទោសក្នុងពន្ធនាគារបានរយៈពេល ៨ខែ ទោសសល់ពីនេះត្រូវបានព្យួរជាធម្មតា ដោយជាប់ពីបទហិង្សាដោយចេតនា។ ជនសង្ស័យត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានដីកាបង្គាប់ឱ្យដោះលែងលេខ៦៤៨អ.ក/១៩ ដោយលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យត្រូវបានយកមកឃុំខ្លួននៅបន្ទប់ឃុំបណ្ដោះអាសន្ន នៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល។ ករណីនេះប៉ូលិសប៉ុស្តិ៍និងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread