គួរឱ្យព្រួយបារម្ភ! ទារកទើបនឹងកើតចំនួន ១០ នាក់ឆ្លងមេរោគកូរ៉ូណាពីពេទ្យឆ្មបនៅរ៉ូម៉ានី

ទារកទើបនឹងកើត ១០ នាក់ត្រូវបានគេរាយការណ៍ថាឆ្លងមេរោគកូវីដ១៩ពីបុគ្គលិកវេជ្ជសាស្ដ្រនៅមន្ទីរពេទ្យមួយក្នុងប្រទេសរ៉ូម៉ានី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៩មេសា។

តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរ៉ូម៉ានីបានឱ្យដឹងថា មន្ទីរពេទ្យនៅភាគខាងលិចនៃទីប្រជុំជន Timisoara របស់ប្រទេសកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ បន្ទាប់ពីទារកទាំងនោះបានធ្វើតេស្តវិជ្ជមានកូវីដ១៩។

យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nelu Tataru បានឱ្យដឹងថា ទារកទាំងអស់លើកលែងម្នាក់កំពុងដាក់ឱ្យនៅឯកោជាមួយឪពុកម្តាយពួកវានៅផ្ទះ។

ដំណឹងនេះកើតឡើងបន្ទាប់ពីមន្ទីរពេទ្យមួយផ្សេងទៀតនៅក្នុងប្រទេសនេះត្រូវបានបង្ខំឱ្យដាក់នៅដាច់ដោយឡែកកាលពីថ្ងៃពុធ ដោយសារតែបុគ្គលិកពេទ្រជាច្រើននាក់បានឆ្លងកូវីដ១៩។

ករណីកូវីដ១៩សរុបចំនួន ៥.២០២ ករណីត្រូវបានកត់ត្រានៅក្នុងប្រទេសរ៉ូម៉ានីកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះករណីថ្មីចំនួន ៤៤១ ត្រូវបានកត់ត្រាទុក៕ ប្រភព៖ Daily Mail 

adverise with khmeread