សមត្ថកិច្ចកម្ទេចចោលអាល់កុលក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើធ្ងន់ធ្ងរ

ភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក ប ប ) របស់ក្រសួងពាណិជ្ជកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០ បានធ្វើពិធីកម្ទេចចោលអាល់កុលក្លែងក្លាយដែលជាសារធាតុ មេតាណុល ដោយចាក់បង្ហូរចូលក្នុងលូទឹកស្អុយបឹងតាមោក ត្រង់ស្ថាននីយ៍បូមទឹក ទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់-ខណ្ឌព្រែកព្នៅ។ 

លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក ប ប បានឱ្យដឹងថា ថ្ងៃនេះអគ្គនាយកដ្ឋាន ក ប ប  រួមទាំងសមត្ថកិច្ចអាជ្ញាធរ និងមន្រ្តីជំនាញ បានកម្ទេចអាកុលក្លែងក្លាយ ចំនួន ៦៤.៨៤៩លីត្រ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបនាពេលកន្លងមក។ ដោយខ្លាចប៉ះពាល់ដល់បរិស្ថានជាជំហានដំបូង គឺចាក់ចូលប្រមាណ ២០ទៅ៣០ តោនសិន។

លោកបានឱ្យដឹងទៀតថា អាល់កុលក្លែងក្លាយនេះ ជាប្រភេទមេតាណុល ជាសារធាតុពុល មិនអាចយកមកប្រើប្រាស់ ក្នុងការកម្ចាត់មេរោគបានទេ វាអាចនឹងបណ្តាលឱ្យមានគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ ផលប៉ះពាល់មេតាណុល ទៅលើសុខភាពតាមរយៈការស្របចូល ឬជ្រាបក្នុងស្បែក អាចពុលដល់ប្រព័ន្ធរាង្គកាយ ខូចដល់ប្រពន្ធខួរក្បាល ការមើលឃើញចុះខ្សោយ រហូតដល់ងងឹតទាំងស្រុង។ បើសិនជាមានការដាក់លាយក្នុងស្រាឬភេសជ្ជៈផ្សេងៗ អាចគ្រោះថ្នាក់ដល់ស្លាប់។ 

លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលប្រមាណ១ខែនេះ សមត្ថកិច្ចរបស់លោកបង្ក្រាបដកហូតបាន អាល់កុលក្លែងក្លាយ ដែលមានសារធាតុមេតាណុលនេះ បានប្រមាណ៦០តោន  ហើយបានយកមកកម្ទេចចោលនៅទីនេះ៕ 


 

adverise with khmeread