ចាញ់ល្បិចកលមិត្តភក្តិយកម៉ូតូទៅបាត់ រួចកុហកអ្នកព័ត៌មានថា «មានគេធាក់ប្លន់យក»

ភ្នំពេញ ៖ យុវជនម្នាក់ចាញ់បោកមិត្តភក្តិយកម៉ូតូទៅបាត់តែមកកុហកប្រាប់អ្នកសារព័ត៌មានដែលទៅចោមរោមសួរថា « មានជនសង្ស័យ២នាក់ធាក់ប្លន់យក» កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្បែរផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពបានឱ្យដឹងថា យុវជនរងគ្រោះខាងលើ ឈ្មោះ អ៊ុក ធារ៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើករថយន្តឱ្យក្រុមហ៊ុនស៊ីផេក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តតាកែវ។ ម៉ូតូដែលបាត់ទៅម៉ាកវ៉េវ អាល់ហ្វា ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1675 មិនចាំអក្សរនៅពីមុខ។ 

ប្រភពឱ្យដឹងថា នៅមុនពេលសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ យុវជនខាងលើបាននិយាយប្រាប់អ្នកសារព័ត៌មានថា មានជនសង្ស័យ២នាក់ធាក់ប្លន់យក។ តែក្រោយមកពេលដល់ប៉ុស្តិ៍ ក៏ស្រាប់តែសារភាព តាមត្រង់ថាខ្លួនចាញ់បោកមិត្តភក្តិប៉ុណ្ណោះ។ មិត្តភក្តិនោះ ស្គាល់គ្នាមិនសូវច្បាស់ទេ ទើបមិនដឹងចិត្តគេ។ 

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា រឿងនេះមិនមែន ជារឿងធាក់ប្លន់នោះទេ គឺជារឿង អ្នកធ្វើការជាមួយគ្នាលួចម៉ូតូយកទៅ។ ទោះយ៉ាងណាសមត្ថកិច្ចបានធ្វើ កំណត់ហេតុ ស្រាវជ្រាវតាមរកជននោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

adverise with khmeread