រថយន្តដឹកដីធុនធំបែកកង់រេចង្កូតធ្លាក់ចូលប្រឡាយបណ្ដាលឱ្យកៀបជាប់ស្លាប់តៃកុង

ភ្នំពេញ ៖ មានករណីរថយន្តដឹកដីធុនធំ បែកកង់រេចង្កូតធ្លាក់ចូលប្រឡាយបណ្ដាលឱ្យកៀបជាប់តៃកុងរថយន្តស្លាប់ភ្លាមៗ ដោយមូលហេតុផ្ទុះកង់ឡាន បានកើតឡើង នៅវេលាម៉ោង១ និង៣០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវថៃហ្គ័រមុខផ្ទះលេខ៩៩៩ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនិយាយថា ដំបូងគេឃើញរថយន្តដឹកដីធុនធំមួយគ្រឿងម៉ាក Hyundai ពណ៌ប្រផេះ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-0732 បើកបរដោយឈ្មោះ ហួន ខេមរា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ 

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់រថយន្តខាងមុខស្តាំហើយក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹកតែម្ដង។ បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋជុំវិញនោះ បានព្យាយាមរកវិធីជួយសង្គ្រោះជិវិតតៃកុងរថយន្តដែរ តែជាអកុសលដោយទឹកជ្រៅពេកបណ្ដាលឱ្យ តៃកុងរថយន្តស្លាប់តែម្ដង។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread