ប្តី វាយប្រពន្ធរហូតដល់ស្លាប់បាន៤ថ្ងៃត្រូវប៉ូលិសវ៉ៃខ្នោះ

បាត់ដំបង ៖ ប៉ូលិសស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល បានតាមស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នៅចំណុចឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួនដល់ស្លាប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សោម គង់ ភេទប្រុស អាយុ៤១ឆ្នាំ នៅចំណុចឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធនឹងករណីអំពើហិង្សាវាយលើប្រពន្ធរបស់ខ្លួនឈ្មោះ វី ឆក អាយុ ២៨ឆ្នាំ រហូតដល់ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ហើយគេចខ្លួនបាត់ពីមូលដ្ឋាន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១០ និង៣០នាទីព្រឹក នៅចំណុចអន្លង់ក្រពើ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអំពើហិង្សាដោយចេតនាបណ្តាលឱ្យស្លាប់ជនរងគ្រោះ មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យជាប្តីឈ្មោះ សោម គង់ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពវាយទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ វី ឆក ភេទស្រី អាយុ ២៨ឆ្នាំរហូតដល់បាត់បង់ជីវិតនៅក្បែរមាត់អូរមួយកន្លែងក្នុងមូលដ្ឋានខាងលើ។

ក្រោយពីធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាប្រពន្ធរួចជនសង្ស័យ បានដើរចូលទៅក្នុងភូមិដោយរកសុំខ្ចីម៉ូតូអ្នក ភូមិដោយប្រាប់ថា «ខ្ចីម៉ូតូជូនប្រពន្ធរបស់ខ្លួនទៅពេទ្យ»។ ប៉ុន្តែអ្នកភូមិមិនឱ្យខ្ចីម៉ូតូទេ ហើយក៏ពុំបានសាកសួរពីមូលហេតុ ឬអាការ:ដែល បុរសនោះចង់យកប្រពន្ធទៅពេទ្យនោះដែរ ពេលខ្ចីម៉ូតូអ្នកភូមិមិនបានជនសង្ស័យក៏គេចខ្លួនបាត់តែម្តង។ រហូតដល់វេលាម៉ោង ៩និង៣០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ទើបទទួលដំណឹងពីប្រជាពលរដ្ឋថា ជនរងគ្រោះឈ្មោះ វី ឆក បានស្លាប់នៅចំណុច កើតហេតុខាងលើដោយមានស្នាកស្នាមរបួសលើផ្ទៃមុខផង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សោម គង់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ វី ឆក រហូតបណ្តាលឱ្យស្លាប់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ប្រាកដមែន។ ប្តីប្រពន្ធទាំងពីរនាក់នេះមិនមានទីលំនៅផ្ទាល់ខ្លួនពិតប្រាកដទេ រាល់ថ្ងៃពួកគេតែងដើរស៊ីឈ្នួល ធ្វើពលកម្មឱ្យអ្នកស្រុក ពេលបានប្រាក់គេ តែងយកទៅផឹកស្រាហើយបង្កទំនាស់វាយតប់គ្នាប្តីប្រពន្ធជារឿយៗ ហើយថ្ងៃកើតហេតុទំនង ជាប្តីរូបនេះប្រើហិង្សាធ្ងន់ធ្ងរ និងដោយគ្មានអ្នកជិតខាងបានដឹងផងទើបស្រ្តីជាប្រពន្ធបាត់បង់ជីវិត។  

ជនសង្ស័យត្រូវបានប៉ូលិសស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយខាងលើទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់៕

adverise with khmeread