ពួកម៉ាហ្វីយ៉ា (ជនអន្ធពាល) នៅអ៊ីតាលីដើរចែកចំណីអាហារដល់អ្នកខ្វះខាតនិងផ្តល់កម្ចីឥតការប្រាក់ ហើយត្រៀមជួយក្រុមហ៊ុនឡុងចុងទៀត

ក្រុមអន្ធពាល (ពួកម៉ាហ្វីយ៉ា) កំពុងដើរចែកអាហារទៅដល់អ្នកខ្វះខាតនិងផ្តល់ជូននូវប្រាក់កម្ចីដោយឥតការប្រាក់ ដើម្បីដាក់ការគ្រប់គ្រងលើជីវិតប្រជាជននិងទាញយកផលចំណេញពីវិបត្ដិកូវីដ១៩នៅប្រទេសអ៊ីតាលី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១០មេសា។

អ្នកនិពន្ធប្រឆាំងនឹងក្រុមម៉ាហ្វីយ៉ាឈ្មោះ Roberto Saviano ដែលនិពន្ធរឿងឧក្រិដ្ឋកម្មសម្រាប់រឿងភាគអ៊ីតាលី "Gomorrah" បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៩មេសាថា នៅកម្រិតត្រូវការចាំបាច់បំផុតបែបនេះ ក្រុមអន្ធពាលកំពុងដើរចែកស្បៀងទៅឱ្យប្រជាជនអ៊ីតាលី ដែលក្រីក្របំផុត ដើម្បីធានាបានការតបស្នងវិញក្រោយពេលចប់វិបត្តិ។

លោកបានបន្ថែមថា ពួកអន្ធពាលទាំងនោះក៏កំពុងត្រៀមជួយអាជីវកម្មនានា ដែលកំពុងជួបការលំបាកផងដែរ នៅពេលដែលប្រទេសនេះកំពុងរង់ចាំថវិកាពីអឺរ៉ុបដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

លោក Saviano ដែលបច្ចុប្បន្នស្ថិតក្រោមការការពាររបស់ប៉ូលិសក្នុងទីក្រុងញ៉ូវយ៉ក បន្ទាប់បញ្ចេញរឿងភាគនេះ គឺជាអ្នកជំនាញនិពន្ធរឿងក្រុមម៉ាហ្វីយ៉ា និងរបៀបដែលពួកគេជោគជ័យលើការពង្រីកជំនួញថ្នាំញៀន និងសកម្មភាពខុសច្បាប់ផ្សេងទៀតនៅតាមផ្លូវរបស់ពួកគេឆ្ពោះទៅរកអាជីវកម្ម និងវិស័យផ្សេងៗទៀតដោយស្របច្បាប់នៅទូទាំងពិភពលោក៕ ប្រភព៖ Daily Mail

adverise with khmeread