បុរសម្នាក់រងគ្រោះដោយសាររថយន្តបែនដឹកដីកិនស្លាប់នៅសង្កាត់វាលស្បូវ

ភ្នំពេញ ៖ រថយន្តបែនដឹកដីបើកបត់ឆ្វេងបុកម៉ូតូស្កុបពីបណ្តាលឱ្យកិនស្លាប់បុរសម្នាក់កាលពីវេលាម៉ោង២ និង១៥នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិ- សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ 

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ឃាង នាគរាជ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ស្នាក់នៅផ្ទះ ក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកនីសាន់ចង្កូតស្តាំពណ៌លឿងពាក់លេខ PP-2153 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចមកកើតតាមបណ្តោយផ្លូវជាតិលេខ១។ លុះបានមកដល់កន្លែងកើតហេតុបានបត់ឆ្វេងដៃដើម្បីចូលធ្វើធុងទឹករថយន្ត ពេលនោះស្រាប់តែមានម៉ូតូម៉ាកស្កុបពីពណ៌សស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HW-9400 បើកដោយជនរងគ្រោះក្នុងទិសដៅពីកើតមកលិចមកដល់កន្លែងកើតហេតុរថយន្ត និងម៉ូតូបុកគ្នាបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូខ្ទាតជនរងគ្រោះចូលក្រោយកង់ររថយន្តកិនស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តបង្កបានឈប់រថយន្តរួចចុះពីលើរថយន្តរត់គេចខ្លួនបាត់តែម្តង។

ប៉ូលិសចរាចរណ៍ខណ្ឌច្បារអំពៅបានប្រគល់រថយន្តនិងម៉ូតូទៅឱ្យប៉ូលិសចរាចរណ៍ក្រុងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំពោះសពត្រូវបានសមត្តកិច្ចធ្វើកំណត់ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

adverise with khmeread