ភ្លើងឆេះឃ្លាំងស្តុកថ្នាំពេទ្យអាលីយ៉ង់ហ្វាម៉ា ខេមបូឌា ខូខខាតអស់ប្រហែល៥០ភាគរយ

ភ្នំពេញ ៖ ឃ្លាំងស្តុកថ្នាំពេទ្យរបស់សហគ្រាស អាលីយ៉ង់ ហ្វាម៉ា ខេមបូឌា ត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោងប្រមាណជា ៥និង៣០នាទីល្ងាច និងរលត់ទៅវិញនៅម៉ោង៨យប់ ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញបានឱ្យដឹងថា អគ្គីភ័យ បានឆាបឆេះឃ្លាំងធ្វើពីថ្មប្រក់ស័ង្កសី ទំហំ៥៥ម៉ែត្រ គុណនឹង៤៥ម៉ែត្រដោយខូចខាតសម្ភារៈ ឆេះក្នុងឃ្លាំងអស់ប្រហែល៥០ភាគរយ និងពុំបណ្តាលឱ្យរាលដាលដល់អ្នកជិតខាងឡើយ។ សហគ្រាសនេះ មានម្ចាស់ឈ្មោះ ឆាយ ណយ ភេទស្រី អាយុ៦០ឆ្នាំ។ 

លោកបានបន្តថា កម្លាំងសមត្ថកិច្ចចម្រុះបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ សរុបប្រហែល១៣០ឡាន ទើបគ្រប់គ្រងអគ្គីភ័យបានទាំងស្រុង នៅវេលាម៉ោង៨យប់ ថ្ងៃដដែល។ ករណីនេះ ពុំបង្កឱ្យមានមនុស្សរបួសឬស្លាប់នោះទេ ចំពោះមូលហេតុ កំពុងស្រាវជ្រាវ៕

adverise with khmeread