កុមារាម្នាក់លង់ទឹកត្រពាំងស្លាប់ ខណៈនាំគ្នាទៅដោះត្រីមង

កណ្ដាល ៖ មានករណីកុមារាម្នាក់ចំណោមកុមារ៣នាក់ បានលង់ទឹកត្រពាំងស្លាប់ខណៈនាំគ្នាទៅដោះត្រីមង កើតឡើងនាថ្ងៃទី១២ មេសា ឆ្នាំ២០២០ វេលាម៉ោង៦នៅចំណុចត្រពាំងរលួស ភូមិ-ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ឺន ភក្តី ភេទប្រុស អាយុ០៨ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅក្នុងបន្ទុកឪពុកម្តាយ មានទីលំនៅភូមិឃុំកើតហេត​។ ឪពុកឈ្មោះ នង វត្តនា (ស្លាប់) និង ម្តាយឈ្មោះ នង លីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករទីលំនៅភូមិឃុំកើតហេតុ។

ប៉ូលិសបន្តថា នៅថ្ងៃទី១១ មេសា ២០២០ វេលាម៉ោង២រសៀលជនរងគ្រោះរួមជាមួយ ឈ្មោះ វ៉ា ពិសិដ្ឋ ភេទប្រុស អាយុ៩ឆ្នាំ និង ឈ្មោះ ទីណា ភេទប្រុស អាយុ៩ឆ្នាំ បានងូតទឹក និងដោះត្រីមងនៅទឹកត្រពាំងរលួស។ ពេលចុះទៅក្នុងទឹកនោះ ជនរងគ្រោះបានហែលទឹកលេងហើយលង់ទឹកលិចបាត់។ បន្ទាប់មក ឈ្មោះ វ៉ា ពិសិដ្ឋ និងឈ្មោះ ទីណា បាន រត់មកប្រាប់ឈ្មោះ នង លីយ៉ា ហើយឈ្មោះ នងលីយ៉ា និងបងប្អូនបាននាំគ្នាចុះរាវរកជនរងគ្រោះក្នុងទឹក តែរកមិនឃើញ។ 

លុះដល់ថ្ងៃទី១២ មេសា ២០២០ វេលាម៉ោង៦ឈ្មោះ នង លីយ៉ា បានទៅមាត់ទឹកត្រពាំងរលួស ក៏ឃើញសាកសពជនរងគ្រោះអណ្តែតឡើង ហើយស្រង់យកមកផ្ទះនិងរាយការណ៍ ជូនប៉ូលិសប៉ុស្តិ៍ ព្រែកតាមាក់។ បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេ
ភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់សាកសពមានសភាពប៉ោងពោះ ហូរទឹកលាយឈាមចេញតាមមាត់និងច្រមុះ ម្រាមដៃ ប្រឡាក់ភក់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

សមត្ថកិច្ចចម្រុះបានសន្និដ្ឋានថា សាកសពជនរងគ្រោះ បានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ក្រោយពេលពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread