ទេវតាឆ្នាំជូតសោយតេលំ (ប្រេងអាចបរិភោគបាន) ជាអាហារ

មហាសង្ក្រាន្ត​ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២ ៥៦៤ នឹង​ចូល​មកដល់​នៅ​ថ្ងៃ ចន្ទ ៦ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ មេសា គ​.​ស ២០២០ នា​វេលា​ម៉ោង៨និង៤៨នាទីយប់ ( ជា​វារៈ​មហាសង្ក្រាន្ត )ថ្ងៃ​អង្គារ ៧ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ​.​ស ២០២០ ជា​វារនៈ​វ័ន​បត។​

ថ្ងៃ​ពុធ ៨ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមេសា គ​.​ស ២០២០ ជា​វារនៈ​វ័ន​បត និង ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ៩ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមេសា គ​.​ស ២០២០ នៅវេលា​ម៉ោង១និង២៤នាទី៣៦វិនាទី ជា​វារៈ​ឡើងស័ក។​

​យោងតាមសៀវភៅ «មហាសង្ក្រាន្ត» ដែលនិពន្ធដោយលោកអ៉ឹម បុរិន្ទ បានសរសេរថា ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម គោរ​គៈ​ទេវី ជា​បុត្រី​ទី ២ នៃ​កបិល​មហាព្រហ្មគង់នៅ​ចា​តុ​មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ លឿង លម្អ​នៅ​ព្រះ​ការណ៍​ដោយ​ផ្កាអង្គារ​បុស្ស អ​ភ​រណ កែវ​មុក្តា, ភក្សាហារទ្រង់សោយតេ​លំ (ប្រេង​ដែល​មនុស្ស​អាច​បរិភោគ​បាន) ជា​អាហារ ហើយគង់​លើ​ស្តេចខ្លា។​

ការលើកឡើង​ខាងលើនេះ ឃើញថា វារៈ​វ័ន​បត ឆ្នាំនេះ រយៈពេល ២ ថ្ងៃទី គឺ ថ្ងៃទី ១៤ និង ទី ១៥ ខែ មេសា ហើយ​​សរុបទៅ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ឆ្នាំនេះ មាន​រយៈពេល ៤ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៣ ដល់ ១៦ ខែ មេសា។​

​រណ្តាប់​ទទួល​ទេវតា​ តាម​ទំនៀម​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅខាងមុខ​ផ្ទះមួយ​សម្រាប់​គ្រឿង​ពលិការ​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ ស (​អាច​ក្រាល​សំពត់​ពណ៌​លឿង​ក៏បាន ព្រោះ​ទេវតា​ឆ្នាំនេះ គ្រង​អម្ពរ​ពណ៌​លឿង) ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជាអាទិ៍​បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់​មួយគូ បាយសី ៥ ថ្នាក់​មួយគូ បាយសី ៣ ថ្នាក់​មួយគូ បាយសី ប៉ាឆាមួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់​លើ​ជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លែឈើ ១១ មុខ រៀប​ដាក់​លើ​ជើងពាន ១១ ដូង​ឡៅ ១ គូ ទឹកស្អាត ២ កែវ។​

រួចស្រេច​ហើយ នៅវេលា​ម៉ោង​ដែល​ទេវតា​ចុះមក ត្រូវ​ជួបប្រជុំ​ក្រុមគ្រួសារ​ដើម្បី នមស្សកា​ថ្វាយបង្គំ ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យបាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទី​ពឹង​ទីរឭកលុះ​ចប់​ពិធី​ទទួល​ទេវតា។​

​ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស និង មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង។ តែ​ចំពោះ​ប្រជារាស្ត្រ គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់ចុះមក ឬ រៀប​ត្រឹម​គ្រឿង​សក្ការៈបូជា ដែលមាន​ទៀនប្រាំ ធូបប្រាំ ស្លាធម៌​កូន​ចេក​មួយគូ​ក៏​ល្មម​សមគួរ​ដែរ​។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឱ្យបាន​ត្រឹម ៣ ឬ ៥ មុខ ក៏​ជាការ​ប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន។ នៅ​គ្រប់​តង្វាយ​ទាំងអស់ ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​តង្វាយ នៅលើ​ជើងពាន និង លើ​បាយសី ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ។​

​បន្ថែម​លើ​អ្វីដែល​មានចែង​នៅក្នុង​សៀវភៅ មហាសង្ក្រាន្ត​ត្រូវ​រៀបចំ​ឱ្យមាន​ប្រេង គឺជា​ប្រេង​អ្វី​ក៏ដោយ​ដែល​មនុស្ស​អាច​បរិភោគ​បាន ចំនួន ២ ចាន ដែល​អាចជា​ចានចង្កឹះ ចានគោម ឬ ចាន​សំប៉ាត ក៏បាន ដាក់​នៅក្នុង​គ្រឿង​រណ្តាប់​ទ​ទួល​ទេវតា​ព្រោះ​ទេវតា​ឆ្នាំនេះ សោយ​ប្រេង៕

adverise with khmeread