ឃាត់ម្ចាស់ហាងលក់កាហ្វេម្នាក់ បើកដៃឱ្យភ្ញៀវលេងល្បែងអាប៉ោង

កណ្តាល ៖ ជនសង្ស័យម្នាក់ជាម្ចាស់ហាងកាហ្វេត្រូវបានប៉ូលិសក្រុងតាខ្មៅចាប់ខ្លួន ក្នុងករណីចាត់ចែងឱ្យលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នាថ្ងៃទី១២ មេសា ឆ្នាំ២០២០ ម៉ោង៣រសៀល នៅចំណុចមុខវត្តគោករលួសភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថាបជនសង្ស័យឈ្មោះ អ៊ុន ចៅអន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរលក់កាហ្វេ, ជាម្ចាស់ផ្ទះ (ឃាត់ខ្លួន) និងជនសង្ស័យ៤នាក់ទៀត ភេទប្រុសមិនស្គាល់ឈ្មោះជាអ្នកលេង, បានរត់គេចខ្លួនបាត់អស់។

វត្ថុតាងចាប់យក ១-ម៉ូតូ១គ្រឿងម៉ាកHonda c100 ពណ៌ខ្មៅស៊េរី១៩៩៨ ផ្លាកលេខ ខ-៦៤០៥សរ១, ២-ម៉ូតូ១គ្រឿងម៉ាកyamha ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ១P-៩៥០៧, ៣-ម៉ូតូ១គ្រឿងម៉ាកViVa ពណ៌ខ្មៅសេរី១៩៩៧ ផ្លាកលេខ រាជការ៤៣៩៣, ៤-ម៉ូតូ១គ្រឿងម៉ាក Honda c ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ផ្លាកលេខ ភ្នំពេញ ១HL៦៣៥៣, ៥-ម៉ូតូ១គ្រឿងម៉ាក Honda c ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ផ្លាកលេខ ភ្នំពេញកណ្តាល ១AC-០៧៦៨, ៦-ចាន១និងគម្រប១សម្រាប់បាញ់អាប៉ោង និង ៧-ក្រដាសប៊ូតុងចំនួន១ផ្ទាំង។

ប៉ូលិសបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថាកន្លែងខាងលើមានបើកលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)   ទើបលោកអធិការប៉ូលិសក្រុងតាខ្មៅ បានដឹកនាំកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរ សហការជាមួយប៉ូលិសផ្នែកយុត្តិធម៍ក្រុងតាខ្មៅ ចុះដល់កន្លែងកើតហេតុ ក៏ឃើញមានជនសង្ស័យមួយក្រុមកំពុងលេងប្រាកដមែន។ នៅពេលឃើញសមត្ថកិច្ចពួកគាត់ក៏បាននាំគ្នារត់គេចខ្លួនអស់ខ្លះ  តែនៅសល់តែម្ចាស់ផ្ទះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានរួមទាំងវត្ថុតាង បញ្ជូនយកមកអធិការដ្ឋានដើម្បីចាក់តារតាមនីតិវិធី។

តាមការសាកសួរជនសង្ស័យជាម្ចាស់ផ្ទះបានឆ្លើយថាគាត់មិនបានផ្តល់ទីតាំងឱ្យគេលេងល្បែងអាប៉ោងនោះទេ ព្រមទាំងសូមអង្វរនិងហាមភ្ញៀវមិនឱ្យលេងទៀតផង តែភ្ញៀវមិនព្រមស្តាប់ ដោយគាត់គ្រាន់តែលក់កាហ្វេតែប៉ុណ្ណោះ៕

adverise with khmeread