កម្លាំងអាវុធហត្ថច្នៃប្រឌិតទូបាញ់ថ្នាំសម្លាប់មេរោគនិងរបាំងមុខដើម្បីប្រើប្រាស់ក្នុងអង្គភាព

ភ្នំពេញ ៖ ដោយស្ថានភាពប្រទេសកម្ពុជា កំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភពលោក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការបង្កាទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវនេះ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល ក៏ដូចជាមតិណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ជាបន្តបន្ទាប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវផែនការពារជំងឺឆ្លង ដល់កម្លាំងក្រោមឱវាទទាំងអស់ឱ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារ វិធានការប្រុងប្រយ័ត្ន រក្សានូវគម្លាតសង្គម ជៀសវាងការជួបជុំ ពាក់ម៉ាស់ពេលចេញប្រតិបត្តការនៅទីប្រជុំជន វាស់ស្ទង់កម្ដៅជារៀងរាល់ថ្ងៃ លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។

កម្លាំងអាវុធហត្ថបានអនុវត្តយ៉ាងតឹងរឹង សម្រាប់សមាជិកអាវុធហត្ថភ្នំពេញទាំងអស់ ក៏ដូចជាភ្ញៀវចេញចូលអង្គភាព និងបានចូលរួមផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន មហាជន នៅតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញជាប្រចាំតាមរយៈការចេញនូវម៉ូតូកង់បី១២គ្រឿងបំពាក់ដោយគ្រឿងបំពងឃោសនស័ព្ទសម្រាប់ផ្សព្វផ្សាយ។

កន្លងមកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្ថែមនូវវិធានការពារដោយបំពាក់នូវទូរបាញ់ថ្នាំសម្លាប់មេរោគ នៅច្រកចូលទីបញ្ជាការរាជធានី បើកចែកនូវធុងបាញ់ថ្នាំសម្លាប់មេរោគដល់បណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយ ទឹកថ្នាំសម្លាប់មេរោគ សាប៊ូលាងដៃ ក្រដាស់ជូតដៃ ស្រោមដៃ ម៉ាស និងត្រីខ គ្រប់ៗខណ្ឌ និងបាននាំយកស្បៀងអាហារ សម្ភារៈរក្សាអនាម័យមួយចំនួនទៅចែកជូនដល់ពលរដ្ឋក្រីក្រ១០១គ្រួសារក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្មីៗនេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ច្នៃប្រឌិតដោយខ្លួនឯង នូវទូបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បំពាក់ជូនដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និង របាំងមុខរាប់ពាន់ សម្រាប់សមាជិកអាវុធហត្ថរាជធានីភ្នំពេញ យកទៅប្រើប្រាស់ ក្នុងពេលចេញប្រតិបត្តិការបំពេញការងារ៕


 

adverise with khmeread