ស្ត្រីមេការហាងម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅថ្ងៃបុណ្យចូលឆ្នាំ

កណ្តាល ៖ ស្ត្រីមេការហាងវ័យ២៧ឆ្នាំម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនារសៀលថ្ងៃចន្ទទី១៣ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃចូលឆ្នាំដំបូង នៅចំណុចបន្ទប់ជួលហាងអ៊ុតសក់ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទំនងមកពីមានទំនាស់ពាក្យសម្តីជាមួយក្រុមគ្រួសារ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ង៉ែត ស្រីនាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមេការហាង ជនជាតិខ្មែរ ស្រុកកំណើត ភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនស្លាប់បានសម្រេច កាលពីវេលាម៉ោងប្រមាណ២ និង៣០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលហាងអ៊ុតសក់ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងបន្សល់រួមមាន សំបកថ្នាំ ៦បន្ទះ , កំប៉ុងថ្នាំ១ប្រអប់, សំបកទឹកសុទ្ធ ២ដប, ក្រមាពណ៌ផ្កាឈូតលាយខ្មៅ ប្រវែង១.២០ម៉ែត្រ។

យោងតាមការបំភ្លឺរបស់ប្អូនស្រីជនរងគ្រោះឈ្មោះ ង៉ែត ស្រីណាត បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបានទៅលេងស្រុកកំណើត ក៏បានមានបញ្ហាជាមួយគ្រួសារហើយជនរងគ្រោះបានត្រឡប់មកផ្ទះជួលវិញវេលាម៉ោង៥ល្ងាចថ្ងៃខែឆ្នាំដដែល។

លុះនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២រសៀល ឈ្មោះ សេង ណាវី ភេទស្រី ដែលលក់ដូរនៅជាប់នឹងផ្ទះជួល បានប្រាប់ថា ជនរងគ្រោះនៅក្នុងបន្ទប់មិនឃើញចេញសោះ។ ដោយមានការសង្ស័យក៏បានហៅម្ទាស់ផ្ទះជួលមើលឃើញទ្វារ និងបង្អួចបិទ ស្រែកហៅមិនឆ្លើយ ក៏ទាញគន្លឹះបង្អួចមើល ឃើញជនរងគ្រោះចងកសម្លាប់ខ្លួន រាយការណ៍ជូនសមត្ថកិច្ច។

បន្ទាប់មកអាជ្ញាធរ និងប៉ូលិសប៉ុស្តិ៍ សមត្ថកិច្ចផ្នែកជំនាញ បានចុះមកដល់នាំគ្នា គាស់ដំបូលពីលើ ចុះពីក្រៅ ចូលទៅក្នុងទាញគន្លឹះទ្វារចូលទៅក្នុង ឃើញជនរងគ្រោះចងកទៅនឹងក្រមាជាប់ឆ្នឹមដែកក្នុងបន្ទប់ទឹក ដោយក្នុងបន្ទប់មានភ្លើងនិងកង្ហារបើក ហើយមានសំបកថ្នាំនៅលើគ្រែ។

ភ្លាមៗនោះលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត ស្នងការរងប៉ូលិសខេត្តកណ្តាល បានចាត់ឱ្យកម្លាំងប៉ូលិសជំនាញរបស់ស្នងការដ្ឋានខេត្តកណ្ដាលចុះទៅចូលរួមពិនិត្យវិភាគកន្លែងកើតហេតុ ជាលទ្ធផលឃើញថា សាកសពមានស្នាមជាំខ្មៅជុំវិញក លានអណ្តាតស្រុងឈាម។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យថា ជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត (ចងក)។ ក្រោយពីធ្វើកោសល្យវិច័យចប់សព្វគ្រប់ក៏ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

adverise with khmeread