ឆក់យកទូរស័ព្ទទៅលក់ តែជាប់ ICloud ត្រូវម្ចាស់ទូរស័ព្ទតាមទាន់ប្តឹងដល់ប៉េអឹមឱ្យវ៉ៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ដើម្បីផ្តន្ទាទោសតាមច្បាប់។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ឈិន សារឿន ភេទប្រុស អាយុ ៤១ ឆ្នាំ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក IPhone7 Plus ពណ៌ក្រហម ពីក្មេងប្រុសម្នាក់អាយុ ០៣ ឆ្នាំ ដែលកំពុងឈរកាន់លេងនៅមុខផ្ទះជាមួយម្តាយ នៅចំណុចភូមិចម្រើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨ព្រឹក។

បន្ទាប់មកជនសង្ស័យ បានជិះគេចខ្លួន និងយកទូរស័ព្ទនោះទៅលក់នៅផ្សារកាណាស៊ីធី ខណ្ឌពោធិ៍សែនជ័យ តែដោយសារទូរស័ព្ទនោះមានជាប់ ICloud ទើបឪពុករបស់ក្មេងឆែកឃើញទីតាំងរបស់ជនសង្ស័យ ហើយតាមរកដល់កន្លែងដែលជនសង្ស័យបានយកទូរស័ព្ទទៅលក់ ក៏បានប្តឹងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឱ្យឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថថា រូបគេពិតជាបានឆក់ទូរស័ព្ទដៃ ពីក្មេងប្រុស អាយុ ០៣ឆ្នាំ ខាងលើ ពិតប្រាកដមែន ហើយរូបគេបានយកទូរស័ព្ទនោះទៅលក់នៅផ្សារកាណាស៊ីធី ក្នុងខណ្ឌពោធិ៍សែនជ័យ។ ខណៈដែលរូបគេកំពុងនិយាយតម្លៃជាមួយអ្នកទិញ ស្រាប់តែឪពុកក្មេងនោះមកទាន់ និងមានសមត្ថកិច្ចអាវុធហត្ថមកជាមួយ ឃាត់ខ្លួនតែម្តងទៅ៕

adverise with khmeread