ឧទ្យានជាតិព្រៃឈើតូចបំផុតលើលោក មានតែមួយគត់នៅសហរដ្ឋអាមេរិក ទុកគ្រាន់ជ្រកខ្យល់កន្ត្រាក់!

សម្លឹងមើលពីចម្ងាយវាហាក់ដូចជាគុម្ពតព្រៃតូចមួយ ប៉ុន្តែជាក់ស្តែងនេះគឺជាកូនព្រៃស្តុកមួយ ហើយវាគឺឧទ្យានជាតិព្រៃឈើដ៏តូចបំផុតរបស់អាមេរិក។ នេះបើយោងតាមអ្នកស្រុកក្នុងតំបន់លើកឡើងដូច្នេះ។

ឧទ្យានជាតិ "Adak National Forest" មានតែដើមឈើចំនួន ៣៣ដើមប៉ុណ្ណោះនៅក្នុងនោះ ហើយអ្នកនឹងអាចរកឃើញវា ប្រសិនបើអ្នកគឺជាអ្នកផ្សងព្រេងដ៏ក្លាហានមួយរូប និងមិនខ្លាចកម្លាំងខ្យល់កន្រ្តាក់ដែលកើតមានជារឿយៗ នៅលើកោះដាច់ស្រាយាល Adak ក្នុងរដ្ឋអាឡាស្កា ដែលជាផ្នែកមួយនៃប្រជុំកោះភ្នំភ្លើង Aleutian។

ដើមកំណើតនៃ "ព្រៃ" ដ៏ចម្លែកនេះបានកើតចេញពីសង្គ្រាមលោកលើកទី ២ ហើយដំបូងគ្រាន់តែគេលេងសើចដាក់ងារវាជាឧទ្យានលេងៗប៉ុណ្ណោះ ប៉ុន្តែយូរៗទៅក៏ជាប់ងារជាឧទ្យានជាតិរហូតមកទល់បច្ចុប្បន្ន​ (ទោះបីជាវាមិនត្រូវបានទទួលស្គាល់ជាផ្លូវការក៏ដោយ)។

ដើមឈើដំបូងនៅទីតាំងនេះត្រូវបានដាំតាមបញ្ជារបស់ឧត្តមសេនីយត្រី Simon Bolivar Buckner Jr ដែលចង់លើកទឹកចិត្តដល់កងពលធំរបស់គាត់ប្រហែលជា ៦.០០០នាក់។ ពួកគេបានការពារកោះអាឡាស្កាទប់ទល់នឹងកងទ័ពជប៉ុន ហើយស្មារតីរបស់ពួកគេគឺហ៊ានប្រថុយគ្រប់ស្ថានភាពលំបាកខ្លាំង ដូចជាខ្យល់កន្រ្តាក់ខ្លាំង ភក់ ភ្លៀង អ័ព្ទ និងអាកាសធាតុត្រជាក់ខ្លាំង។

វាត្រូវបានគេសម្រេចចិត្តថា ការដាំដើមឈើសម្រាប់បុណ្យណូអែលជាពិសេស នឹងជម្រុញស្មារតីទ័ព ដូច្នេះនៅឆ្នាំ១៩៤៣ កម្មវិធីផ្លូវការនៃការដាំដើមស្រល់បានចាប់ផ្តើម និងបន្តរហូតដល់ឆ្នាំ១៩៤៥។ នេះបើយោងតាមវេបសាយ ​​Atlas Obscura ។

ទោះយ៉ាងណា បរិយាកាសអាក្រក់ខ្លាំងនៅអាឡាស្កាមិនបានឱ្យដើមឈើជាច្រើនបន្តមានជីវិតនៅទីនោះបានទេ។

នៅអំឡុងទសវត្សទី៦០ ឧទ្យានព្រៃឈើមួយនេះនៅសល់តែមួយដើមប៉ុណ្ណោះ ដោយជម្រុញឱ្យទាហានម្នាក់បានដោតទង់សញ្ញាមួយដោយនិយាយថា "អ្នកគឺកំពុងចូល និងចេញឧទ្យានជាតិ Adak National Forest"។

ហាសិបឆ្នាំទៅមុខ នៅតែមានសញ្ញាបង្ហាញពីទីនោះគឺជា "ព្រៃឈើជាតិ" និងចំនួនដើមឈើបានកើនឡើងច្រើនគួរសម ទោះបីជាគេមិនទាន់ដឹងថាតើវាដុះឡើងតាមរយៈអន្តរាគមន៍របស់មនុស្សឬយ៉ាងណាក៏ដោយ៕ ប្រភព៖ Daily Mail 

adverise with khmeread