បុរសម្នាក់តខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់

កណ្ដាល ៖ បុរសម្នាក់បានតខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ បង្កការភ្ញាក់ផ្អើល នៅថ្ងៃអង្គារទី១៤ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល០៥ និង៥៥នាទីព្រឹក នៅចំណុចស្រះទឹកខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ចុច សរ ភេទប្រុស អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក ខ្សែភ្លើងប្រវែង៧៥ម៉ែត្រ,ដងឫស្សីប្រវែង៤ម៉ែត្រ មានចងដែកជាប់ជាមួយ សំរាប់ឆក់ត្រី។

តាមការសួរបំភ្លឺសាក្សីជាប្រពន្ធឈ្មោះ ម៉ៅ ចន្ថា ភេទស្រីអាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិជាមួ​យគ្នាបានប្រាប់ឱ្យដឹងថា គាត់ងើបពីដេកនៅម៉ោងប្រហែល៤ និង៤០នាទី អត់ឃើញជនរងគ្រោះ។ ពេលនោះគាត់ដើររកមិនឃើញហើយនឹកឃើញថា ជនរងគ្រោះធ្លាប់តែទៅឆក់ត្រីនៅខាងក្រោយផ្ទះ។ 

ពេលនោះខ្លួនដើរទៅខាងក្រោយផ្ទះ មើលពីចម្ងាយឃើញមានភ្លើងពិល ក៏រត់ទៅមើលឃើញជនរង
គ្រោះ ដេកនៅអែបរបងលួសសំណាញ់ និងឃើញពិលនៅនឹងដីព្រមទាំងមានរាយខ្សែភ្លើងឆក់ត្រី​ ហើយខ្លួន ក៏មកដកឌុយភ្លើងចេញ ហើយស្រែកហៅកូន និងបងប្អូនជិតខាង​ឱ្យមកជួយជនរងគ្រោះ ឆក់ចរន្តអគ្គិសនី ហើយបាននាំគ្នារត់ទៅមើលឃើញថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយមកមេភូមិត្រពាំងទន្លាប់បានរាយការណ៍ ប្រាប់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំរោងលើ​ សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ
និងប្រពន្ធ បងប្អូនសព បានធ្វើការពិនិត្យលើជនរងគ្រោះឃើញថាពុំមានស្លាកស្នាមអ្វីទេ។

តាមការសន្និដ្ឋាន​របស់លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងឆក់ត្រី បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ (ឆក់ត្រីតែម្នាក់ឯង)។ សពបានប្រគល់ជូនក្រុមគ្រួសារ​ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread