ជនសង្ស័យជំនាញខាងឆបោករថយន្តច្រើនករណីត្រូវ អាវុធហត្ថរាជធានី វាយខ្នោះ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងឆបោក ចំនួន៣ករណីផ្សេងគ្នា។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ម៉ម ពុធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ទិញ-លក់រថយន្ត ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧ ផ្លូវលេខ៩ ភូមិត្រាំងដូនដី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ខ្លួនពិតជាបានឆបោកចំនួន៣ករណីពិតប្រាកដមែន ដោយករណីទី១ ខ្លួនបានឆបោករថយន្ត១គ្រឿងម៉ាក Toyota Pruis 2005 ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ (សន្លឹកពន្ធ) កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ពីឈ្មោះ សុវណ្ណ ឈុនវិបុល ដោយមានឃ្លាំងលក់រថយន្តយីហោ ម៉ឹង សុផល មានទីតាំងស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ 

ចំពោះករណីទី២ ខ្លួនបានឆបោករថយន្ត១គ្រឿងទៀតម៉ាក Toyota Pruis 2004 ពណ៌ប្រផេះ គ្មានស្លាកលេខ (សន្លឹកពន្ធ) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ពីឈ្មោះ ឆោម ពៅ និងករណីទី៣ ខ្លួនបានឆបោកក្រដាសពន្ធរថយន្តម៉ាក Toyota Pruis 2007 ពណ៌ទឹកប្រាក់ យកទៅដាក់បញ្ចាំកាលពីអំឡុងខែមីនា ឆ្នាំ២០២០ ពីឈ្មោះ ឃុត បញ្ញា ដែលជាអ្នកធ្វើការជាមួយគ្នាផងដែរ៕

adverise with khmeread