នៅកូរ៉េខាងត្បូងមានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ១១៦ នាក់ តេស្តវិជ្ជមានជាលើកទីពីរ

សម្រាប់អ្នកឆ្លងកូវីដ១៩រួចហើយ គំនិតនៃការអាងថាមានភាពស៊ាំការពារខ្លួនរួចហើយនឹងអាចវិលត្រឡប់ទៅរកជីវិតធម្មតាឡើងវិញហាក់បីដូចជាការរំពឹងទុកដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។

សំណើ ដែលដាក់ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិក លោក Matt Hancock កាលពីដើមខែមេសា គឺផ្អែកលើទ្រឹស្តីដែលថាការឆ្លងកូវីដ១៩និងការអាចវាយផ្តួលមេរោគនេះបាន មានន័យថា យើងបានបង្កើតអង្គបដិប្រាណដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ ហើយអង្គបដិប្រាណទាំងនេះនឹងនៅតែមាននៅក្នុងខ្លួនយើងអស់មួយជីវិត ប្រសិនបើយើងប៉ះនឹងកូវីដ១៩ម្តងទៀត។

ទោះយ៉ាងណាក្តី ភស្តុតាងថ្មីអំពីឥរិយាបថរបស់មេរោគកូរ៉ូណា បានធ្វើឱ្យមានមន្ទិលមកលើផែនការរបស់លោក Matt Hancock ព្រោះវាបង្ហាញថា មនុស្សដែលឆ្លងមេរោគនេះអាចនឹងមិនត្រូវបានការពារពីការឆ្លងវាម្តងទៀតនោះឡើយ។

កូរ៉េខាងត្បូងបានការពារពលរដ្ឋរបស់ខ្លួនចំនួន ៥១ លាននាក់ ដោយការធ្វើតេស្តយ៉ាងខ្លាំងក្លានិងការតាមដានទំនាក់ទំនងរបស់អ្នកជំងឺនិងអ្នកសង្ស័យជាច្រើននាក់។

ប៉ុន្តែកូរ៉េខាងត្បូងបានលាតត្រដាងថា ត្បិតរក្សាបានចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅកម្រិតទាបត្រឹមតែ ២១៤ នាក់ក្តី ក៏ប៉ុន្តែមនុស្សមួយចំនួន ដែលជាសះស្បើយពីកូវីដ១៩បានតេស្តវិជ្ជមានមេរោគនេះជាលើកទីពីរ។ 

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦មេសា ក្រុមមន្ត្រីបានប្រកាសថា មានករណីជាហើយឆ្លងវិញចំនួន ៥១ នាក់ត្រូវបានបញ្ជាក់។ នៅចុងសប្តាហ៍មុន អ្នកជាហើយឆ្លងវិញមានចំនួន ៧៤ នាក់ ហើយឥឡូវមានចំនួនសរុប ១១៦ នាក់។ 

ពុំមានព័ត៌មានលម្អិតនៃករណីណាមួយត្រូវបានចេញផ្សាយទេ ប៉ុន្តែការលាតត្រដាងបែបនេះបានបង្កើនការបារម្ភថា មនុស្សប្រហែលមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងវីរុសកូរ៉ូណាតាមរយៈអង្គបដិប្រាណបានទេ ហើយនឹងអាចឆ្លងម្តងទៀត។ 

ការរកឃើញនៅកូរ៉េខាងត្បូងក៏ញ៉ាំងឱ្យមានសំណួរជាច្រើនផងដែរថាតើមនុស្សមួយចំនួនបានឆ្លងមេរោគកូរ៉ូណាម្តងទៀត ឬ តើមេរោគនេះបន្តនៅក្នុងខ្លួនពួកគេ និង ដល់ពេលមួយចាប់ផ្តើមសកម្មឡើងវិញដោយខ្លួនវា ឬយ៉ាងណា៕ ប្រភព៖ Daily Mail

adverise with khmeread