នៅថៃមានករណីទីមួយ អ្នកស្លាប់ដោយសារកូវីដ១៩ចម្លងមេរោគមកអ្នកពិនិត្យសាកសព

ក្រុមអ្នកវិទ្យាសាស្ត្រជឿថា អ្នកពិនិត្យសាកសពម្នាក់នៅប្រទេសថៃបានស្លាប់បន្ទាប់ពីឆ្លងមេរោគកូវីដ១៩ពីអ្នកជំងឺដែលបានស្លាប់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី១៤មេសា។ 

បុគ្គលិកកោសល្យវិច្ច័យមិនបញ្ចេញឈ្មោះរូបនោះបានឆ្លងជំងឺនៅទីក្រុងបាងកកនៅក្នុងអ្វីដែលគេគិតថាជាករណីបែបនេះលើកដំបូងបង្អស់នៅក្នុងពិភពលោក។

ក្រុមអ្នកស្រាវជ្រាវបានព្រមាននៅក្នុងលិខិតមួយដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ដ្រនិងវេជ្ជសាស្ត្រច្បាប់ថា បុគ្គលិកកោសល្យវិច្ច័យត្រូវចេះការពារខ្លួនពីជំងឺកូវីដ១៩។

អង្គការសុខភាពជាច្រើន ដូចជា WHO បានជំរុញឱ្យបុគ្គលិកដែលដោះស្រាយជាមួយសាកសពត្រូវមានការប្រុងប្រយ័ត្នព្រោះគេនៅតែមិនទាន់យល់ច្បាស់ពីរបៀបដែលវីរុសឆ្លងពីសាកសពនៅឡើយទេ។

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាមានឱកាសទាបណាស់ដែលអ្នកធ្វើកោសល្យវិច្ច័យអាចប៉ះពាល់ជាមួយអ្នកជំងឺធម្មតាប៉ុន្តែពួកគេពិតណាស់គឺបានប៉ះពាល់ជាមួយសាកសព។

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយទៀតថា "បច្ចុប្បន្នពុំមានទិន្នន័យស្តីពីចំនួនជាក់លាក់នៃសាកសពដែលនៅមានកូវីដ១៩នោះទេ ពីព្រោះសាកសពមិនត្រូវបានត្រួតពិនិត្យជាប្រចាំទេ។ ទោះយ៉ាងណា ការគ្រប់គ្រងជំងឺឆ្លងនិងការប្រុងប្រយ័ត្នជាសកលគឺត្រូវមានចាំបាច់ជានិច្ច។ អ្នកជំនាញកោសល្យវិច្ច័យត្រូវស្លៀកពាក់ឧបករណ៍ការពាររួមមានអាវការពារ ស្រោមដៃ វ៉ែនតា មួក និងរបាំងការពារផ្ទៃមុខ។ នីតិវិធីនៃការបាញ់សម្អាតមេរោគ ដែលប្រើនៅក្នុងបន្ទប់វះកាត់ អាចត្រូវបានអនុវត្តនៅក្នុងផ្នែករោគសាស្ត្រ/ផ្នែកកោសល្យវិច្ច័យផងដែរ"៕ ប្រភព៖ Daily Mail

adverise with khmeread